សុំផ្លែឪឡឹកហូបមិនឲ្យ ទាញដំបងឈើវាយបណ្តាលឲ្យស្លាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
បន្ទាយមានជ័យ៖ ខឹងសុំផ្លែឪឡឹកហូបមិនឲ្យ បុរសម្នាក់បានយកដំបង វាយទៅលើលោកតាវ័យ៨១ឆ្នាំ បណ្តាលឲ្យស្លាប់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម ស្រុកស្វាយចេកចាប់ឃាត់ខ្លួន ។ហិង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៣ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រឿង ព្រឿយ ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែកជនសង្ស័យ ឈ្មោះ សូ ឡិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ហើយបានឃើញផ្លែឪឡឹក មួយចំហៀង ក៏សុំជនរងគ្រោះហូប តែជនរងគ្រោះមិនឲ្យថាទុកឲ្យចៅគាត់ហូប ស្របពេលនោះជនសង្ស័យបានខឹងក៏ទាញដំបងឈើវាយទៅលើជនរងគ្រោះត្រូវចំឆ្អឹងជំនីខាងឆ្វេងមួយកន្លែង និងកែងដៃស្តាំមួយកន្លែង បណ្តាលឲ្យស្លាប់តែម្តង ។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា ក្រោយកើតហេតុ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមកើត សុវណ្ណារេត ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យត្រូវបានម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម នៃអធិការដ្ឋាននគរបាលស្រុក ចាប់ឃាត់ខ្លួន បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត អនុវត្តនីតិវិធីបន្ត ៕