ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ​ Martha A. Mavrommatis បានសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត

120

 

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ​ Martha A. Mavrommatis ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា​ ដែល​មាននិវេសនដ្ឋាន​នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានលើកឡើងអំពីដំណើរការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងដំណើរការស្វែងរកសុខសន្តិភាពពេញលេញក្រោម នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកម្ពុជា ដែលជាបិតាសន្តិភាព។ ក្រោមនយោបាយឈ្នះ ឈ្នះ ប្រទេសកម្ពុជាទាំងមូល បានឯកភាពជាតិ ហើយប្រជាពលរដ្ឋទាំងអស់បានរួមរស់ជាជាតិខ្មែរតែមួយប្រកបដោយសុខដុមរមនា។

ក្រោយបញ្ចប់សង្រ្គាម សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងយកចិត្តទុកខ្ពស់លើការស្តារឡើងនូវសេដ្ឋកិច្ចសង្គម រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរ និងធូរធារជាមុន។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមាននូវច្បាប់វិនិយោគ និងគោលនយោបាយជាតិសំខាន់ៗដទៃទៀត ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស និងសម្រួលដល់ដំណើរការធុរកិច្ចនៅកម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគិនទទួលបាននូវភាពកក់ក្តៅ និងឱកាសដ៏ច្រើនលើសលប់សម្រាប់ការរកស៊ីនៅកម្ពុជា ព្រមទាំងបានប្រែក្លាយកម្ពុជា ជាផ្ទះទីពីររបស់ខ្លួង ផងដែរ។

ដោយឡែកសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ឯកឧត្តម លី ធុជ បាន​ជម្រាប​ប្រាប់​លោក​ជំទាវ​ឯកអគ្គ​រដ្ឋទូត​ បានលើកឡើងថា រយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលជាប្រវតិ្តសាស្រ្តក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីរាប់ម៉ឺនហិកតា ចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងផ្តល់ដីប្រកបដោយសុវត្ថិភាពសម្រាប់ការតាំងលំនៅឋាន កសិកម្ម និងការស្តារឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម។ ជាមួយនឹងបទពិសោធន៍ និងជំនាញដ៏ច្រើនរបស់កម្ពុជាផែ្នកបោសសម្អាតមីន និងក្នុងនាមជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាម រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណជាង ៨០០០នាក់ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមធានាដល់សុខសុវត្ថិភាពដល់ប្រជាជនក្នុងប្រទេសចំនួន៩ នៅលើពិភពលោក ក្នុងនោះរួមមានសាធារណរដ្ឋស៊ីប ផងដែរ។

លោកជំទាវ​ Martha A. Mavrommatis បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តីនីតិកាលទី៧ កន្លងទៅនេះ ប្រកបដោយសេរី និងយុត្តិធម៌។ លោកជំទាវ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូនកងកម្លាំងរក្សាសន្តិភាព ចូលរួមរក្សាសុខសុវត្ថិភាពក្នុងប្រទេសស៊ីប ហើយទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរឡើង។ ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង