ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា កោតសរសើរមន្រ្តីចុះអនុវត្តការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដីខេត្តមណ្ឌលគិរី

111

 

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងកោតសរសើរដល់មន្រ្តីក្រុមការងារទាំងអស់​ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចចុះអនុវត្តការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដីខេត្តមណ្ឌលគិរីផងដែរ។

នៅទីស្តីការក្រសួង នារសៀលថ្ងៃទី26ខែកក្កដាឆ្នាំ2023 មានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារចុះអនុវត្តការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធី្ល និងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

ក្នុងពេលជួបសំណេះសំណាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានកោតសរសើរដល់មន្រ្តីក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការចុះអនុវត្តការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី បានយ៉ាងល្អប្រសើរដែលកិច្ចការខ្លះបានឆ្លងកាត់ស្ទើរតែ3ទស្សវត្សរ៍មកហើយ ដោយកំលាំងក្រុមការងារនេះគឺជាកំលាំងដ៏ធំនិងបានសំរេចនូវភារកិច្ចនេះដោយជោគជ័យមកដល់បច្ចុប្បន្ននេះ។
ចំពោះការងារចុះបញ្ជីដីធ្លីនិងហេដ្ឋារចនាសម្ព័ន្ធ គឺមន្រ្តីក្រុមការងារទាំងអស់បានរួមចំណែកយ៉ាងធំធេងដើម្បីអនុវត្តការងារនេះ។ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចរបស់មន្រ្តីក្រោមឱវាទក្រសួងនៅគ្រប់ដំណាក់កាលនានាដែលរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្នុងនោះមានការអភិវឌ្ឍតំបន់អគារប៊ូឌីញ”ស” ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ ការងារចុះបញ្ជីដីនៅតំបន់បឹងទន្លេសាប ការងារចលនាប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ ការងារចុះបញ្ជីដីធ្លីនៅខេត្តមណ្ឌលគិរី រួមនិងការងារសំខាន់ៗផ្សេងៗទៀត ដោយលទ្ធផលក្នុងការដោះស្រាយគឺទទួលបានការពេញចិត្តពេញថ្លើមនិងសហការពីប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីមោទនភាពចំពោះលទ្ធផលការងារដ៏ល្អប្រសើរទាំងនេះដែលបានមកពីការប្រឹងប្រែងបំពេញការងារយ៉ាងសកម្មមិនខ្លាចនឿយហត់ប្រកបដោយឆន្ទះមោះមុតរបស់មន្រ្តីក្រុមការងារទាំងអស់ដើម្បីសំរេចជោគជ័យជូនជាតិនិងប្រជាជន និងជាកិត្តិយសសម្រាប់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលបានអនុវត្តភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនប្រកបដោយជោគជ័យតាមការគ្រោងទុក៕

 

អត្ថបទដែលជាប់ទាក់ទង