ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម តុប សំ បានលើកទឹកចិត្តអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារ ល្អប្រសើរថែមទៀត

118

 

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី២៥ អាណត្តិទី៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

ជាដំបូងបង្អស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសំដែងនូវការគោរព និងអនុវត្តតាមសារពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការគោរពកោតស្ញប់ស្ញែងដល់ពលិកម្ម និងការលះបង់ច្រើនលើកច្រើនសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផលប្រយោជន៍ជាតិ។ ទឹកចិត្តគោរពស្រឡាញ់ដែល ក.ជ.ប.ព. មានយ៉ាង ធំធេងចំពោះ សម្តេចតេជោ ហ៊ុន សែន ក.ជ.ប.ព. ក៏សូមគោរពជម្រាបជូនថា ក.ជ.ប.ព. ក៏មានចិត្តបន្ត គោរពស្រឡាញ់ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានទំហំប៉ុននោះដូចគ្នាដែរ។
ក.ជ.ប.ព. គ្មានពេលណាបំភ្លេចបាននូវគុណបំណាច់ ពលិកម្ម ការលះបង់របស់ សម្ដេចតេជោ ចំពោះជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ ហើយជឿជាក់ដោយគ្មានការសង្ស័យថា នាយករដ្ឋមន្តី បន្តវេនពី សម្តេចតេជោ គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជារក្សាបាននូវសមិទ្ធផលជាតិ និងបង្កើត បានសមិទ្ធផលថ្មីៗធំធេងថែមទៀត សម្រាប់ជាតិជាមិនខាន។

បើតាមរបាយការណ៍របស់ អ.ប.ព.​ ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា មន្ត្រីចំនួន ៣០០ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ២២៧ នាក់ និងមន្ត្រី ៧៣ នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។

ការងារពាក្យប្ដឹង , អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៣១ ពាក្យប្ដឹង។
អ.ប.ព. បានផលិតរូបភាព និងវីដេអូ ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយតាម ប្រព័ន្ធទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ជារៀងរាល់សប្តាហ៍។
អំពីការបង្ការ ទប់ស្កាត់អំពើពុករលួយ, អ.ប.ព. បានចូលរួមពិនិត្យ ការបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម រណ្ដៅដីនៅខេត្ត កណ្ដាល ព្រមទាំងបានចូលរួមសង្កេតការណ៍ និងវាស់វែងសាឡង់ដឹកខ្សាច់ នៅខេត្តកណ្តាល និង ខេត្តព្រៃវែង។ ក្រៅពីនេះ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៩០ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៣៧។

អ.ប.ព. បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងវិន័យ និងបញ្ជ្រាបបទបញ្ញត្តិផ្ទៃក្នុងរបស់ អ.ប.ព.” ជូនមន្ត្រីរបស់ខ្លួនចំនួន ១១៧ រូប។ ក្រៅពីនេះ មន្ត្រី អ.ប.ព. ចំនួន ៤៦ រូប បានទទួលការ បណ្តុះបណ្តាលស្តីពី “អំពើពុករលួយឥតដែនកំណត់ – តើត្រូវធ្វើកិច្ចសហប្រតិបត្តិការដូចម្ដេចដើម្បី ដោះស្រាយអំពើពុករលួយ តាមអនឡាញរយៈពេល ១ថ្ងៃ ពីទីក្រុងហុងកុង ដោយបានសហការ រៀបចំដោយសមាគមអន្តរជាតិ នៃអាជ្ញាធរប្រឆាំងអំពើពុករលួយ (I AACA) និងដៃគូសហការ ប្រឆាំងអំពើពុករលួយអឺរ៉ុប (EPAC/EACN)។
ក្រុមសិក្សាស្រាវជ្រាវ អ.ប.ព. (ART) បានសហការជាមួយមូលនិធិអន្តរជាតិ សម្រាប់ប្រព័ន្ធ បោះឆ្នោត (IFES) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរំលោភលើការប្រើប្រាស់ធនធានរបស់រដ្ឋ ជូនមន្ត្រី អ.ប.ព. ចំនួន ៩០ រូប ដែលឧទ្ទេសនាមដោយអ្នកជំនាញការផ្នែកប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និងជាទីប្រឹក្សាសុចរិតភាពព័ត៌មានវិទ្យា និងអ្នកជំនាញបរិវត្តកម្មឌីជីថលក្នុងតំបន់ នៃសម្ព័ន្ធប្រឆាំង អំពើពុករលួយដើម្បីតម្លាភាព នៃអង្គការ IFES។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានលើកនូវករណីមួយចំនួន ដើម្បីសុំមតិយោបល់ និងអនុសាសន៍ពី ក.ជ.ប.ព.។
ក.ជ.ប.ព. បានលើកទឹកចិត្ត អ.ប.ព. ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារ ល្អប្រសើរថែមទៀត ព្រមទាំងបានផ្តល់មតិយោបល់ អនុសាសន៍ និងព័ត៌មានសំខាន់ៗដ៏មានតម្លៃដល់ អ.ប.ព. សម្រាប់ ជាចក្ខុវិស័យក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង