ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធឃាតកម្មបាញ់សម្លាប់បុរសម្នាក់

77

 

 

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនឹងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះឡោមព័ទ្ធទីតាំងសណ្ឋាគារសូផៃ ឃាត់ខ្លួនមនុស្សចំនួន១១នាក់ នាំយកទៅក្រសួងមហាផ្ទៃ ដើម្បីសួរនាំ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់បុរសម្នាក់ នៅខណ្ឌបឹងកេងកង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង១រសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ទីតាំងសណ្ឋាគារសូផៃ ទល់មុខផ្សារហេងលី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានបុរសជនបរទេសម្នាក់ ត្រូវបានខ្មាន់កាំភ្លើងដកបាញ់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះបានដកកាំបិត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើង ក៏បានដកបាញ់ ៤គ្រាប់ផ្ទួនៗ រួចនាំគ្នារត់ឡើងឡានរត់គេចខ្លួនបាត់ស្រមោល ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងខ្មាន់កាំភ្លើង បានមានទំនាស់ទាស់ទែងគ្នា ពេលនោះជនរងគ្រោះក៏ដើរចេញ ស្រាប់តែភាគីម្ខាងទៀត បានទាញកាំភ្លើង ដេញបាញ់បុរសរងគ្រោះជាច្រើនគ្រាប់ផ្ទួនៗគ្នា ដោយជនរងគ្រោះបានព្យាយាមរត់ឲ្យគេជួយដែរ តែត្រូវជនដៃដល់ បាញ់ស្លាប់យ៉ាងរន្ធត់ រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីស NX200t ដើម្បីគេចខ្លួនបាត់តែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ MINH HUNG KHOUN អាយុជាង ៣០ឆ្នាំ ជាជនជាតិវៀតណាម។ នៅលើខ្លួនជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន ៣គ្រាប់។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ ត្រូវបានបញ្ចូនទៅក្រសួងមហាផ្ទៃដើម្បីសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង