ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងទឹកធ្លាក់ពីភ្នំ បានបោកបក់ ធ្លាក់ចូលក្នុងជ្រោះឪម៉ាល់បណ្តាលឲ្យស្លាប់ម្នាក់, បាត់ខ្លួនម្នាក់និងរបួស២នាក់

103

កំពត: សមត្ថកិច្ចបានរកឃើញសពនារីម្នាក់ និងអ្នករបួស២នាក់ខណ:ដែលនារីម្នាក់ទៀតកំពុងបាត់ខ្លួនដោយសារកម្លាំងទឹកធ្លាក់ពីជួរភ្នំបូកគោកួចបោកធ្លាក់ជ្រោះកាលពីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ហេតុការណ៍នេះបានកើតឡើងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពត សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី។

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា មានករណីគ្រោះថ្នាក់ដោយកម្លាំងទឹកបានបោកមនុស្ស៤នាក់ធ្លាក់ចូលក្នុងជ្រោះឪម៉ាល់នៃភូមិសាស្ត្រឃុំម៉ាក់ប្រាង ស្រុកទឹកឈូ។ ទាំង៤នាក់ជាភ្ញៀវក្នុងចំណោមមិត្តភក្តិប្រុសស្រី៤៣នាក់ដែលបានមកកម្សាន្តដោយបោះតង់នៅតំបន់ជ្រោះឪម៉ាល់កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា។ លុះដល់ម៉ោងកើតហេតុស្រាប់តែមានភ្លៀងមួយមេធំបណ្ដាលឲ្យកម្លាំងទឹកមកពីផ្នែកខាងលើហូរបោកប៉ះចំតង់ និងនាំមនុស្សប្រុសស្រី៤នាក់ធ្លាក់ក្នុងជ្រោះតែម្តង។ សមត្ថកិច្ចបានបន្តថា រហូតដល់រសៀលថ្ងៃដដែលនេះ កម្លាំងចម្រុះនៃអាជ្ញាធរស្រុកបានរកឃើញសពនារីម្នាក់ និងអ្នករងរបួស២នាក់ ខណ:ដែលនារីម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ នារីដែលបានស្លាប់ឈ្មោះ កែន ស្រីរត្ន័ អាយុ ១៩ឆ្នាំ។ ចំណែកអ្នករងរបួស រួមមាន ១. ឈ្មោះ សុង ទីមធន ភេទប្រុស អាយុ ២៣ឆ្នាំ និង២. ឈ្មោះសីហា ភេទប្រុស អាយុ២២ឆ្នាំ។ រីឯនារីដែលកំពុងបាត់ខ្លួនឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ។ ទាំង៤នាក់មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង