ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ

62

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនិងលោកស្រីជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៣នេះ នៅវត្តព្រះបារមីវង្កតបូរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុង១៥១វត្ត និងសាលាបុណ្យ៥កន្លែង ក្នុងមួយវត្តៗទទួលបាន ថវិកាចំនួន ១០០.០០០៛,ទៀនវស្សា
០១គូ,អង្ករ១០០គីឡូក្រាម,សាដក ០១,ស្ករស០១បាវ (២៥គីឡូក្រាម),ទឹកដោះគោខាប់ ០១កេស (៤៨កំប៉ុង),ទឹកក្រូច០៤កេស,ទឹកបរិសុទ្ធ ៤កេសមីចំនួន៤កេសតូច,ត្រីខកំប៉ុង១កេស (១០០កំប៉ុង)។ ក្រៅពីប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនខាងលើហើយនោះ លោកឃួង ស្រេងនិងលោកស្រីជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នូវបានប្រគេនបច្ច័យសម្រាប់កសាងទីអារាមវត្តព្រះបារមីវង្កតបូរីនេះចំនួន១៩៩៥០០០០រៀល(ជាង១៩លាន)
និង១៥០០ដុល្លារ ជាមួយនិងការប្រគល់ជូនយាយជី តាជី នៅក្រណាត់ស និងថវិកាមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។
ជាទំលាបពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។ ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង