បុរស០២នាក់ ស្លាប់ក្នុងអណ្តូង ពេលស៊ីឈ្នួលចុះទៅស្ដារអណ្ដូង
ខេត្តព្រៃវែង ៖ អ្នកស៊ីឈ្នួលជីកអណ្ដូងទឹក២នាក់ បានស្លាប់ក្នុងអណ្ដូង ខណៈចុះស្ដារនិងដាក់លូរអណ្ដូង ហើយគ្មានខ្យល់អុកស៊ីសែន។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង០០ នាទីថ្ងៃទី១ខែសីហាឆ្នាំ២០២៣ នៅចំណុចវាលស្រែខាងលិចភូមិស្គាក្តីចម្ងាយ១៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។
បើតាមលោកអធិការនគរបាលស្រុកសុីធរកណ្ដាលបានឲ្យដឹងថា មានករណីស្លាប់មនុស្សពីរនាក់នៅក្នុងអណ្ដូង ឈ្មោះ ជ្រឿន ដេន ភេទប្រុស អាយុ ៤៣ ឆ្នាំ និងឈ្មោះ ធន់ សារ៉េន ភេទប្រុស អាយុ ៥៤ ឆ្នាំជនរងគ្រោះទាំងពីរនាក់នេះ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
លោកអធិការនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ម្ចាស់អណ្ដូងទឹកបានជួលជនរងគ្រោះទាំងពីរនាក់មកស្ដារអណ្ដូងនិងដាក់លូបន្ថែម ដោយអណ្ដូងមានលូ១០កង់រួចហើយ និងដាក់ថែមលូ៣កង់ទៀតដើម្បីឲ្យចេញទឹក។
លោកបានបន្តទៀតថា ខណៈដែលជនរងគ្រោះទាំង២នាក់បានចុះទៅក្នុងអណ្ដូងបាត់យូររហូតដល់ម៉ោង៩និង០០យប់ថ្ងៃដដែលទើបក្រុមគ្រួសារទៅរកមើលក៏ឃើញស្លាប់ក្នុងអណ្ដូងបាត់ទៅហើយ។
លោកអធិការបានបន្តថា ចំពោះករណីនេះតាមសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា បណ្ដាលមកពីជនរងគ្រោះទាំងពីរនាក់ចុះអណ្ដូងដែលមានជម្រៅជ្រៅ ហើយគ្មានខ្យល់អុកស៊ីសែនទើបបណ្ដាលឱ្យស្លាប់បែបនេះ៕