ក.អ.ក នឹងបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានលើកទី២ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»
ភ្នំពេញ ៖ ឱកាសសម្រាប់អ្នកសារព័ត៌មាន ដែលមានបំណងបង្កើនសមត្ថភាពជំនាញឌីជីថល ស្របតាមតម្រូវការទីផ្សារសារព័ត៌មាន នៅកម្ពុជាបានមកដល់ហើយ ដោយមានកិច្ចសហការ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានលើកទី២ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» រយៈពេល២ថ្ងៃគឺ៖
– ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង៨,៣០នាទីព្រឹក ដល់ម៉ោង៤,៣០នាទីរសៀល
– ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង៨,៣០នាទីព្រឹក ដល់ម៉ោង៤,៣០នាទីរសៀល
បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣, វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ជូនអ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់កម្ម វិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម (Messenger, Telegram, What’s App) ជាដើម។
ការបង្កើនសមត្ថភាព ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ជាពិសេសសម្រាប់សមាជិក ទាំងអស់របស់ក្លិបអ្នកកាសែតកម្ពុជា គឺជាបេសកកម្មដ៏ចម្បង។ អាស្រ័យហេតុនេះហើយទើប ក.អ.ក បានស្វែងរកកិច្ច សហការពីដៃគូជាច្រើនដើម្បីឆ្លើយតបទៅនឹងបេសកកម្មខាងលើ ជាក់ស្ដែងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជា ដៃគូដ៏សំខាន់មួយមិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាសម័យឌីជីថល។
វគ្គសិក្សាជំនាញខាងលើ គឺជាការចាប់ផ្តើមវគ្គបណ្តុះបណ្តាលថ្មីមួយទៀតក្នុងឆ្នាំ២០២៣ ក្រៅពីវគ្គសិក្សាជា ច្រើនត្រូវបានដំណើរការតាំងពីដើមឆ្នាំមក ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយសម្រួលដល់គ្រូ បណ្តុះបណ្តាល ទីកន្លែង ព្រមទាំងអាហារ ដល់សិក្ខាកាមចំនួន៣៥នាក់ក្នុងអំឡុងពេលបណ្ដុះបណ្តាលនេះ។
ដូច្នេះប្រសិនបើអ្នកសារព័ត៌មានចាប់អារម្មណ៍ សូមរួសរាន់ចុះឈ្មោះតាមរយៈលេខទូរស័ព្ទតេឡេក្រាម ០១២ ៨៩ ៥៨ ៥៣ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះ។ ក.អ.ក នឹងផ្តល់អទិភាពសម្រាប់អ្នកចុះឈ្មោះមុន និងជាបន្ត បន្ទាប់រហូតគ្រប់ចំនួន៣០នាក់។
ក.អ.ក ចាត់ទុកវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ ហើយក៏ជាលើកទី១សម្រាប់អ្នកសារព័ត៌មានដែល បាន និងកំពុងបំពេញវិជ្ជាជីវៈសារព័ត៌មានក្នុងយុគសម័យឌីជីថលមិនខាន។
ក.អ.ក សង្ឃឹមថា អ្នកសារព័ត៌មាននឹងរួសរាន់ចុះឈ្មោះ ដើម្បីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ៕