ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆមាស​ទី​១​ ឆ្នាំ​២០២៣​ កើតឡើង​ ១៥៤៨​លើក​ មាន​មនុស្ស​ស្លាប់​ចំនួន​៧៥៦​នាក់​ របួស​២.០៧២​នាក់​

50

រាជធានី​ភ្នំពេញ​ ៖​ ​លោក​ឧត្តមសេនីយ៍ត្រី​ ថី​ វិសាល​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆមាស​ទី​១​ ឆ្នាំ​២០២៣​ កើតឡើង​ ១៥៤៨​លើក​ មាន​មនុស្ស​ស្លាប់​ចំនួន​៧៥៦​នាក់​ របួស​២.០៧២​នាក់​ ដោយ​មូលហេតុ​ បណ្តាល​មក​ពី​ល្បឿន​ ៣៩​ភាគរយ​ មិន​គោរព​សិទ្ធិ​២៥​ភាគរយ​,​ បត់​១០​ភាគរយ​ មិន​ប្រកាន់​ស្ដាំ​៩​ភាគរយ​ វ៉ា​ជែង​៧​ភាគរយ​ កត្តា​យានយន្ត​៤​ភាគរយ​ កត្តា​ស្រវឹង​៣​ភាគរយ​ ងងុយ​១​ភាគរយ​,​ ល្មើស​សញ្ញា​១​ភាគរយ​ និង​កត្តា​អា​ធាតុ​១​ភាគរយ​។​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​​ទី​៣​ ខែសីហា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ប្រចាំឆមាស​ទី​១​ ឆ្នាំ​២០២៣​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​ថា ស្នងការ​រាជធានី​-​ខេត្ត​ ឲ្យ​បន្ត​ពង្រឹង​យន្តការ​ដឹកនាំ​បញ្ជា​ លើកកម្ពស់​សមត្ថភាព​ជំនាញ​ ប្រកាន់​វិន័យ​សីលធម៌​ និង​តាមដាន​ប្រតិកម្ម​របស់​សាធារណៈជន​,​ បន្ត​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ និង​អនុក្រឹត្យ​លេខ​៣៩​អន​ក្រ​.​បក​ និង​ជម្រុញ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ នូវ​អំពើ​ល្អ​របស់​មន្ត្រី​ នគរបាល​ចរាចរ​ផ្លូវគោក​ ដោយ​ ផ្ដោត​លើ​មូលហេតុ​ មុខសញ្ញា​ ពេលវេលា​ និង​ទីកន្លែង​ដែល​មាន​គ្រោះថ្នាក់​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​រង​ ក៏​បាន​ថ្លែង​ការ​កោតសរសើរ​ដល់​ លោកស្នងការ​រង​ ក៏​ដូច​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​ ដែល​កន្លង​មក​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ សំដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​យោង​តាម​របាយការណ៍​ដែល​ឡើង​រាយការណ៍​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ថី​ វិសាល​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆមាស​ទី​១​ ឆ្នាំ​២០២៣​ កើតឡើង​ ១៥៤៨​លើក​ (​យប់​៥៤​ភាគរយ​)​ មាន​មនុស្ស​ស្លាប់​ចំនួន​៧៥៦​នាក់​ របួស​២.០៧២​នាក់​ (​ធ្ងន់​១.៣៣២​នាក់​)​ បើ​ប្រៀបធៀប​នៃ​គ្រោះថ្នាក់​ឆ្នាំ​២០២២​ ថយ​ចំនួន​៦១​លើក​ ស្មើ​៤​ភាគរយ​ ស្លាប់​ថយ​១៨៦​នាក់​ ស្មើ​២០​ភាគរយ​ របួស​ថយ​១៦៣​នាក់​ ស្មើ​៧​ភាគរយ​ ។​

​មូលហេតុ​ បណ្តាល​មក​ពី​ល្បឿន​ ៣៩​ភាគរយ​ មិន​គោរព​សិទ្ធិ​២៥​ភាគរយ​,​ បត់​១០​ភាគរយ​ មិន​ប្រកាន់​ស្ដាំ​៩​ភាគរយ​ វ៉ា​ជែង​៧​ភាគរយ​ កត្តា​យានយន្ត​៤​ភាគរយ​ កត្តា​ស្រវឹង​៣​ភាគរយ​ ងងុយ​១​ភាគរយ​,​ ល្មើស​សញ្ញា​១​ភាគរយ​ និង​កត្តា​អា​ធាតុ​១​ភាគរយ​។​
​គ្រោះថ្នាក់​ច្រើន​រួម​មាន​ រាជធានី​ភ្នំពេញ​ចំនួន​៤៥៨​លើក​,​ ខេត្ត​ព្រះ​សីហ​នុ​ ១២១០​លើក​,​ ខេត្តពោធិ៍សាត់​ ១០៤​លើក​,​ គ្រោះថ្នាក់​ផ្លូវ​ល្បឿន​លឿន​ កើតឡើង​ចំនួន​ ១៤៣​ករណី​ (​យប់​៥២​លើក​)​ មាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ និង​រង​របួស​ចំនួន​៤៤​នាក់​ (​ធ្ងន់​៧​នាក់​),​ គ្រោះថ្នាក់​រថយន្ត​កម្មករ​ចំនួន​៥​លើក​ ស្លាប់​មនុស្ស​១​នាក់​,​ របួស​សរុប​១០៨​នាក់​ (​ធ្ងន់​១៩​នាក់​)​ នៅ​ខេត្តកំពង់ស្ពឺ​ ខេត្តតាកែវ​ ខេត្តកំពង់ឆ្នាំង​៕​

អត្ថបទដែលជាប់ទាក់ទង