អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមាន ក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា៕