ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដាក់ផែនការណែនាំ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

123

 

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី។

ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះឱ្យបានមហោឡារិក អធិកអធម ស្របទៅតាមប្រពៃណីជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយធានាបានសុវត្ថិភាព ការសប្បាយរីករាយផងនោះ គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ ៖
១ -ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត
-ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក អាហ្វីស ប៉ាណូ និងបំភ្លឺ ភ្លើងពណ៌តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាព សាលារៀន វត្តអារាម ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ សហគ្រាស តាមសួនច្បារ ទីសាធារណៈ និងគ្រប់ គេហដ្ឋានប្រជារាស្ត្រ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ឆ្នាំ២០២៣។

-ត្រូវធ្វើការណែនាំដល់មូលដ្ឋានដែលមាន ទូកង និង ទូកមួង “ទូកអុំ និង ទូកចែវ” ដោយស្ម័គ្រចិត្តឥតបង្ខំ ឱ្យធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកដែលមានចំណុះពី១៨ខ្ទង់ឡើងទៅ ហើយជាប្រភេទទូក ដែលមានល្បឿនលឿន និងមានលក្ខណៈសមស្រប។ ក្រោយការសាកល្បង ត្រូវធ្វើចំណាត់ថ្នាក់ តាមលំដាប់លំដោយប្រភេទទូកលឿន ទូកមធ្យម និងទូកគូពិសេស ដើម្បីងាយស្រួលគណៈមេប្រយោគ ផ្គូផ្គង រវាងទូកនីមួយៗ។

-ត្រូវរៀបចំធ្វើប្រវត្តិសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាមអ្នកអុំ អ្នកចែវ ឱ្យបានច្បាស់លាស់ ដោយត្រូវជ្រើសរើសអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ ហើយផ្ញើមក អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ឱ្យបានមុនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំណត់។ ទូកទាំងឡាយនឹងអាចចាត់តាំងចូលរួមបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋាន សាមី តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត ឬថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព។

-ត្រូវរៀបចំអនុគណៈកម្មការមួយ មានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូក និងប្រទីប ហើយ ត្រូវធ្វើការណែនាំ អប់រំដល់អ្នកអុំ និងអ្នកចែវទាំងអស់ឱ្យយល់ ពីខ្លឹមសារនៃព្រះរាជពិធីបុណ្យអុំទូក ជៀសវាង ការប្រទូសរ៉ាយគ្នាទៅវិញទៅមក ដោយត្រូវរក្សាឱ្យបានសាមគ្គីភាព ការសប្បាយរីករាយ និងភាពថ្លៃថ្នូរ ស័ក្តិសម ជាអ្នកស្រឡាញ់កីឡាប្រណាំងទូក និងរក្សាបានប្រពៃណីជាតិពិតប្រាកដ។

-ត្រូវខិតខំដោះស្រាយផ្ទាល់ខ្លួន ខោ អាវ មួកសញ្ញាប្រចាំមូលដ្ឋាន អង្គភាព និងជីវភាពក្នុងរយៈពេល៥ថ្ងៃ ព្រមទាំងគ្រប់មធ្យោបាយធ្វើដំណើរទៅមក។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងជួយឧបត្ថម្ភ ថវិកាដល់កីឡាករ កីឡាការិនីអុំទូក រង្វាន់ទូកទទួលជ័យលាភីផ្នែកសោភ័ណភាព និងរង្វាន់ទូកទទួលជ័យលាភី តាមចំណាត់ថ្នាក់ផែននីមួយៗ។

-ណែនាំអ្នកគ្រប់គ្រងទូកនីមួយៗឱ្យលាបលន និងតុបតែងលម្អក្បាច់រចនាឱ្យបានល្អប្រណិតតាម រចនាបថខ្មែរពិតប្រាកដ។ រីឯអ្នកអុំ និងអ្នកចែវ ត្រូវមានសម្លៀកបំពាក់សមរម្យ ជាឯកសណ្ឋានតាមលក្ខណៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។ អនុគណៈកម្មការវប្បធម៌ ទំនៀមទម្លាប់ និងសោភ័ណភាព នឹងមានធ្វើការ ចំណាត់ថ្នាក់ ផ្តល់រង្វាន់ជ័យលាភី ផ្នែកខាងសោភ័ណភាពរបស់ទូក និងសម្លៀកបំពាក់របស់កីឡាករ កីឡាការិនី។
-ណែនាំអ្នកគ្រប់គ្រងទូកអុំទូកចែវទាំងអស់ ទោះចាញ់ ឬឈ្នះ ដាច់ខាតត្រូវចូលរួមក្នុងពិធីកាត់ព្រ័ត្រ ដើម្បីអបអរសាទរ លទ្ធផលនៃការបញ្ចប់ដោយជោគជ័យនូវព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិយើង។ ចំណែករូបភាពនៃការរៀបចំពិធីកាត់ព្រ័ត្រនឹងត្រូវ កំណត់ជាក់លាក់នៅក្នុងបទបញ្ជាផ្ទៃក្នុងមួយដោយឡែក។

២-ចំនួនប្រទីបរបស់រដ្ឋ ដែលនឹងត្រូវបណ្តែតអបអរសាទរ ៖
១-ប្រទីបព្រះបរមរាជវាំង
២-ប្រទីបព្រឹទ្ធសភា
៣-ប្រទីបរដ្ឋសភា
៤-ប្រទីបរាជរដ្ឋាភិបាល
៥-ប្រទីបក្រសួងយុត្តិធម៌
៦-ប្រទីបក្រសួងការពារជាតិ
៧-ប្រទីបក្រសួងមហាផ្ទៃ
៨-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៩-ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
១០-ប្រទីបក្រសួងពាណិជ្ជកម្ម
១១-ប្រទីបក្រសួងទេសចរណ៍
១២-ប្រទីបក្រសួងរ៉ែ និងថាមពល
១៣-ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
១៤-ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ

-ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រទីប ត្រូវលើកគម្រោងថវិកាចំណាយ ផ្តល់គំនូស រូបភាពប្រទីប និងបទអត្ថាធិប្បាយរបស់ប្រទីបនីមួយៗ ផ្ញើមកអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ឱ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

៣-ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលខេត្តនីមួយៗ និងក្រុមហ៊ុនឯកជន បើមានបំណងចង់ធ្វើប្រទីបចូលរួម បណ្តែតអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យប្រពៃណ៍ជាតិ ត្រូវដាក់ពាក្យស្នើសុំ និងផ្តល់រូបគំនូសរូបភាពប្រទីប មកអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ពិនិត្យជាមុន។

៤-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចាត់តាំងកម្មវិធីសិល្បៈ សម្តែងជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយ តាមទីតាំងជាក់ស្ដែងដែលបានកំណត់។

៥-ក្រុមហ៊ុន និងសប្បុរសជន បើមានបំណងចង់ជួយឧបត្ថម្ភជាសម្ភារ ថវិកា ដើម្បីបម្រើការរៀបចំព្រះរាជពិធី បុណ្យ និងជូនជារង្វាន់ដល់កីឡាករ កីឡាការិនីទូកអុំ ទូកចែវ ក្នុងស្មារតីចូលរួមអភិរក្សនូវប្រពៃណីជាតិ និង លើកទឹកចិត្តដល់ កីឡាករ កីឡាការិនីទូកអុំ ទូកចែវ អាចជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាបាន។
ទទួលបានផែនការណែនាំនេះ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងអនុវត្តដោយគំនិតច្នៃប្រឌិត ក្នុងស្មារតីសន្សំសំចៃខ្ពស់ ធានាទាន់ពេលវេលា និងឱ្យទទួលបានលទ្ធផលល្អស្របតាមគោលបំណង និងសំណូមពររបស់រាជរដ្ឋាភិបាល។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹម និងជឿជាក់ថាគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត នឹងចូលរួមយ៉ាងសកម្ម ដើម្បីញ៉ាំងព្រះរាជពិធីបុណ្យជាប្រពៃណីជាតិនេះ ឱ្យប្រព្រឹត្តទៅយ៉ាងមហោឡារិកប្រកបដោយបរិយាកាសរីករាយ៕

អត្ថបទដែលជាប់ទាក់ទង