ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ៖ សូមកុំពិសារឬបរិភោគ រុក្ខជាតិ ឬ សត្វល្អិតដែលយើងមិនស្គាល់ ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពរបស់លោកអ្នក យ៉ាងធ្ងន់ធ្ងរ

43

 

ក្រុងព្រះវិហារ ៖ នៅថ្ងៃទី១០ខែសីហាឆ្នាំ ២០២៣ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង ជម្រាបជូនដល់សាធារណជនទាំងអស់ក្នុងខេត្តព្រះវិហារ ជ្រាបថា មានរុក្ខជាតិ និង សត្វល្អិតមួយចំនួន ពេលយកមកបរិភោគអាចបណ្តាល ឲ្យប៉ះពាល់ដល់សុខភាព ឬបណ្តាលឲ្យបាត់បង់អាយុជីវិត។

អាស្រ័យហេតុនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំពិសារឬបរិភោគ រុក្ខជាតិ ឬ សត្វល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមកព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់ សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និង អាចបណ្ដាលឲ្យបាត់បង់អាយុជីវិត។

ជាក់ស្ដែងកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ០២ នាក់ ប្តីប្រពន្ធ រស់នៅក្នុងភូមិស្រែអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគាត់ទាំងពីរនាក់ បានបរិភោគ(សត្វកំភេម ខ្មោច) ដោយបុរសជាប្តីបរិភោគកំភេមខ្មោចចំនួន ០៣ ក្បាល និងស្រ្តីជាប្រពន្ធបានបរិភោគកំភេមខ្មោច ចំនួន ០៥ ក្បាល។ បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ ក្អួតចង្អោរ និង មានពងបែកក្នុងមាត់ ។

ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យ យ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ។ ដោយស្ត្រីជាប្រពន្ធបានស្លាប់កាលពី ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣ និង បុរសជាប្ដីបានស្លាប់នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៣។

ជនរងគ្រោះ​ជា​ប្រពន្ធ​ដែល​បាន​ស្លាប់ ឈ្មោះ ខិត រី អាយុ​ ៥៦​ ឆ្នាំ និង​ប្តីឈ្មោះ អួន មិន អាយុ ៥៨ ឆ្នាំ​។ ជន​រង​គ្រោះ​ទាំង​ ២ ​នាក់ ​ត្រូវជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​មានមុខរ​បរជា​អ្នកស៊ីឈ្នួល​ធ្វើ​ចម្ការ​ឱ្យគេ ដែលមាន​ស្រុកកំណើត​ម​ក​ពី​ខេត្តកំពង់ធំ ។

កន្លងមក មន្ទីរសុខាភិបាលក៏បានសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះថ្នាក់ដោយបរិភោគរុក្ខជាតិដូចជា
រមាស់ផ្សិត ឬ ក៏សត្វល្អិតដែលបណ្ដាលអោយពុលអ្នកខ្លះអាចជួយសង្គ្រោះបាន និងសង្គ្រោះបាន អ្នកខ្លះទៀតមិនអាចជួយ៕

អត្ថបទដែលជាប់ទាក់ទង