ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដាក់ផែនការជំរុញឲ្យចលនាភូមិមួយផលិតផលមួយអភិវឌ្ឍន៍ ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ដែលទើបមកកាន់ដំណែង ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៅថ្ងៃទី៣១ខែសីហា ២០២៣ បានប្តេជ្ញាថា នឹងជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបង្កើនប្រសិទ្ធភាពការងារ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឲ្យប្រជាពលរដ្ឋកម្ពុជាមានប្រាក់ចំណូលខ្ពស់។
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា ការធ្វើឲ្យសម្រេចបានដូច្នោះគឺស្របតាមយុទ្ធសាស្រ្ដបញ្ចកោណគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ឯកឧត្ដមកិត្ដិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ទើបតែមកចូលកាន់ដំណែងភ្លាម ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី បែបនេះក្នុងឱកាសដែល ឯកឧត្ដម ចូលរួម ក្នុងកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំមន្ដ្រីរាជការ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិសយ័កសិកម្មនិងជនបទ នាព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ខ្ញុំសូមជំរុញក្រុមការងារជំនាញបន្ដការអនុវត្តន៍រាល់ភារកិច្ចស្របតាមតួនាទីរៀងៗ ខ្លួនអោយបានសកម្មព្រមៗគ្នាអោយអស់ពីសមត្ថភាពតាមលទ្ធភាពជាក់ ស្ដែង ដើម្បីបម្រើជាតិ ប្រជាជន ក្នុងគ្រប់កាលៈ ទេសៈក្នុងការ បន្តការពារ និងកសាងមាតុភូមិឆ្ពោះ ទៅរកអនាគតមួយដ៏រុងរឿង ពិសេស ប្រែក្លាយកម្ពុជា ជាអរិយៈប្រទេសជឿនលឿនល្បី ល្បាញមួយដូចសម័យអង្គរ ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ។
ឯកឧត្តម សុទ្ធ សឺន អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិស័យ កសិកម្ម និងជនបទ បានបញ្ជាក់ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានតួនាទីជាគណៈបញ្ជាការឯកភាពមួយ ជួយដល់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលលើការអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដោយសហការយ៉ាងជិតស្និតជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍សង្គមស៊ីវិល និងវិស័យឯកជន។
ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិស័យ កសិកម្ម និងជនបទ មានភារកិច្ចទទួលបន្ទុកចាត់ចែងសម្របសម្រួលតាមដានវាយតម្លៃនិងផ្តល់យោបល់ លើការរៀបចំការអភិវឌ្ឈកម្មវិធីគោលនយោបាយ ព្រមទាំងយុត្តិសាស្ត្រនានារបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភស្របតាមគោលការណ៍អភិវឌ្ឈន៍ប្រកបដោយចីរភាពឆ្នាំ២០១៦- ២០៣០។
គោលដៅទី២បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពអាហារូបត្ថម្ភ និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព។
រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។
យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល ៕ . សំរិត