ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះមកផ្អាកអាជីវកម្ម បណ្ដោះអាសន្នរោងចក្រផលិតទឹកកកដែលធ្លាយឧស្ម័នអាម៉ូញ៉ាក់បណ្តាលអោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើននាក់

53

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានចុះមកធ្វើកិច្ចសន្យាអប់រំ និងផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងស្នើអោយម្ចាស់ទីតាំងរោងចក្រទទួលរាប់រងថ្លៃព្យាបាលសេវ៉ាសុខភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។

ក្រោយកើតហេតុធ្លាយឧស្ម័នអាម៉ូញ៉ាក់បង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន២៩នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីយប់មិញនោះ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌនិងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានចុះរោងចក្រផលិតទឹកកកដើម និងអនាម័យ មានយីហោឈ្មោះ ឈៀង មួ មានទីតាំងស្ថិតនៅលើផ្លូវបេតុង ក្រុមទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងមានឈ្មោះ ឈៀង ប៉ោ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។

នាព្រឹកថ្ងៃដដែលនេះ លោក ង៉ែត វិបុល អគ្គនាយកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដឹក នាំក្រុមការងារពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងខាងលើមានលិខិតអនុញ្ញាតត្រឹមត្រូវពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ, មានកិច្ចការពារបរិស្ថាន ពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ, មានប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ។

តាមការបញ្ជាក់របស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការចុះមកធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំង ៖
-ទី១ ត្រូវពង្រឹងបញ្ហាបច្ចេកទេសឡើងវិញ មិនឲ្យមានជាលើកទី២ឡើយ។
-ទី២ ក្នុងករណីមានជាលើកទី២ ត្រូវបិទអាជីវកម្មនេះតែម្ដង ត្រូវឱ្យម្ចាស់ទីតាំងរកទីតាំងថ្មីដែលនៅទីតាំងដាច់ត្រយ៉ាលមិនឲ្យមាននៅក្បែរផ្ទះប្រជាពលរដ្ឋ។
-ទី៣ ថ្លៃសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋដែលរងគ្រោះត្រូវម្ចាស់ទីតាំងរោងចក្រទឹកកកជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។

គួរបញ្ជាក់ផងដែរ កាលពីម៉ោង៧យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មនុស្សប្រុសស្រី ចំនួន២៩នាក់ ខ្លះដួលសន្លប់ ខ្លះទៀត ថប់ដង្ហើម និងហូរទឹកភ្នែក ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានការធ្លាយចំហាយ អាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នចំពោះទីតាំងរោងចក្រផលិតទឹកកកនេះ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ បានផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងស្នើអោយម្ចាស់ទីតាំងរោងចក្រទទួលរាប់រងថ្លៃព្យាបាលសេវាសុខភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌក៏បានស្នើឲ្យម្ចាស់ទីតាំងត្រូវធ្វើការកែលំអរប្រព័ន្ធសុវត្ថិភាព បច្ចេកទេសឲ្យបានត្រឹមត្រូវមុននឹងដំណើរការឡើងវិញ។
ប្រសិនជាថ្ងៃក្រោយមានការលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់ សូមអោយម្ចាស់ទីតាំងទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង