ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនិស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិននៅ ក្នុងយុគសម័យថ្មី

61

 

ភ្នំពេញ ៖នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នៅវិមាន៧មករា រាជធានីភ្នំពេញ។

គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន «គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន
បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី» តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លី ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម លីវ ជានឆាវ បានជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈទាក់ទងបរទេស។

កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន សភាពការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។

នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគី ទាំងពីរបានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន ទំនាក់ទំនងនយោបាយ ការទូត ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យ ទេសចរណ៍ ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ។

ឯកឧត្តម លីវ ជានឆាវ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យ របស់កម្ពុជា និងបានពាំនាំនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ ឯកឧត្តមអគ្គលេខាធិការបក្ស ស៊ី ជិនភីង ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាម លក្ខខណ្ឌជាតិរបស់កម្ពុជា។

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តពង្រឹងនិងពង្រីក កិច្ចសហការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ គណបក្ស ប្រទេស និងប្រជាជនទាំងពីរ។

គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ ជាច្រើនរបស់ប្រទេសចិន រួមមានការផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ថែមទាំងបានជួយពង្រឹងការ កសាងជាតិនិងចូលរួមកាត់បន្ថយភាពក្រីក្រ។
គណបក្សទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្តនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីវិបុលភាព សន្តិភាព
និងការអភិវឌ្ឍលើគ្រប់វិស័យ។

គណបក្សទាំងពីរ ប្តេជ្ញាបង្កើនទំនាក់ទំនងគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសអង្គការមហាជន និងយុវជន ព្រមទាំងរួមគ្នាដើម្បីធ្វើឱ្យគម្រោង «ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន» ដំណើរការបានល្អប្រសើរ។
គណបក្សទាំងពីរ បានវាយតម្លៃខ្ពស់អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សទាំងពីរ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព របស់ សម្តេចតេជោប្រធានគណបក្ស។ គណបក្សទាំងពីរនឹងប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នា ការផ្លាស់ប្តូរ ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង