លោក លី ធុជ បានគាំទ្រចំពោះដំណើរ ការរៀបចំសន្និសីទលើកទី៥ នៃកិច្ចប្រជុំកំពូល ពិភពលោកគ្មានមីនសម្រាប់ឆ្នាំ២០២៤
ភ្នំពេញ . នៅនិវេសនដ្ឋានសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ក្នុងនាមជាប្រធានជ្រើសតាំង នៃកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានចូលរួមកិច្ចប្រជុំត្រៀមយុទ្ធសាស្រ្តសម្រាប់ ជំរុញសកលភាវូប នីយកម្ម សកម្មភាពមីន ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដិទៅ ថ្ងៃចន្ទ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេស នៃអនុសញ្ញាអូតាវ៉ា, លោក Igor Driesman ប្រធានជ្រើសតាំងនៃសហភាពអ៊ឺរ៉ុប, លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥, លោក Msserer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, តំណាងស្ថានទូតប្រចាំកម្ពុជា, តំណាង UNDP ប្រចាំកម្ពុជា, លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និងអង្គការ ICRC ផងដែរ ។
លោក Msserer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានលើកឡើងអំពីលទ្ធផលការងារសម្រេច បាន បញ្ហាប្រឈម និងបញ្ហា ដែលនៅសេសសល់មួយចំនួន ប្រទេសអាល្លឺម៉ង់ បានបំពេញក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា និងក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាអូតាវ៉ា ហើយ ឯកឧត្តម ក៏បានត្រៀមខ្លួន ដើម្បីចូលរួមគាំទ្រកម្ពុជា ក្នុងនាមជាប្រធាន និងធ្វើម្ចាស់ផ្ទះនៃ សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ សម្រាប់ឆ្នាំ២០២៤។
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានគាំទ្រកម្ពុជា និងត្រៀមជួយកម្ពុជា ដើម្បីទទួលបានជោគជ័យ ក្នុងការធ្វើជាប្រធាន នៃកិច្ចប្រជុំសម្រាប់ឆ្នាំ២០២៤ ហើយប្រទេសជប៉ុន បានត្រៀមខ្លួចរួចស្រេចសម្រាប់ការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគី លើកទី២២ នៃអនុសញ្ញា អូតាវ៉ា។
លោក UENO Atsushi ក៏បានគាំទ្រ ចំពោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងសន្និសីទសកល លើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។ ឯកឧត្តម UENO Atsushi ស្នើសុំឱ្យអង្គប្រជុំទាំងមូលយកប្រទេសកម្ពុជា ជាគំរូ ពីព្រោះប្រទេសកម្ពុជា ទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងកិច្ចការនយោបាយ ការបញ្ចប់សង្រ្គាម ការស្វែងរកសន្តិភាព និងកិច្ចការបោស សម្អាតមីន ជាដើម។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះសហភាពអ៊ឺរ៉ុប និងអង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ដោយឡែក ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ កម្ពុជាត្រៀមលើកយកនូវរបៀបវរៈ និងផែនការសកម្មភាពអាទិភាពចំនួន ៤ មកពិភាក្សា រួមមាន ៖ទី១/. ការផ្សព្វផ្សាយជំរុញការអនុវត្តអនុសញ្ញាអូតាវ៉ា ទី២/.ជំរុញការងារបោសសម្អាតមីនដើម្បីឆ្ពោះទៅរកពិភពលោកគ្មានមីន ទី៣/.ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងទី៤/.កិច្ចសង្រ្គោះជនមាន ពិការភាពដោយសារគ្រប់មីន សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព។
ក្នុងនាមតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណ ចំពោះការជួយឧបត្តម្ភគាំទ្រប្រកបដោយទឹកចិត្តសប្បុរសពីដៃគូអភិវឌ្ឍន៍ និងប្រទេស ជាមិត្តដល់ ការប្រព្រឹត្តិទៅ និងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន ៕ សំរិត