កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រូវបានរៀបចំឡើង រវាងតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអាល្លឺម៉ង់
អាល្លឺម៉ង់ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រូវបានរៀបចំឡើង រវាងតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអាល្លឺម៉ង់ នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។
ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា អមដោយឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាតំណាងជាន់ខ្ពស់ពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ចំនួន ១០ រួមមាន ក្រសួងមហាផៃ្ទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, និងធនាគារជាតិនៃកម្ពុជា ។
រីឯប្រតិភូអាល្លឺម៉ង់ដឹកនាំដោយ លោកបណ្ឌិត Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) និងមានការចូលរួមពី លោកជំទាវ Bärbel Kofler សមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ គោលដៅចម្បងនៃកិច្ចចរចាគឺ ១) ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ២) ពិភាក្សាលើវិស័យអាទិភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង ៣) តម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត ។
លទ្ធផលនៃកិច្ចចរចានេះ ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ ។ ភាគីទាំងពីរបានឯកភាពក្នុងការបន្តកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអាទិភាព ចំនួន ០៣ រួមមាន ១) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ២) សុខាភិបាល និងគាំពារសង្គម និង ៣) ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗទៀតដែលមាន សង្គតិភាពជាមួយនឹងអាទិភាពនៃកិច្ចអភិវឌ្ឍន៍ជាតិ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងរបៀបវារៈឆ្នាំ២០៣០របស់ប្រទេសអាល្លឺម៉ង់ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣ លានអឺរ៉ូ ទាំងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស សម មូលនឹងប្រមាណ ៦៦ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការ លើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។
ជាកិច្ចបញ្ចប់នៃការចរចា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។ ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្តី ប្រធានគណៈប្រតិភូកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែល បានបន្តរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ៕