ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខគេ លើពិភពលោក ផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្តរបស់យុវជន ឆ្នាំ២០២៣

132

 

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខគេលើពិភពលោក ផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្តរបស់យុវជន ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍ សូមជម្រាបជូនសមាគមទេសចរណ៍ គ្រប់ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ និងសាធារណជន ឱ្យបានជ្រាបថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជា គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading Cultural Destination 2023) និងគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading Youth Travel Destination 2023) តាមរយៈការបោះឆ្នោតលើប្រព័ន្ធអនឡាញពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយនានា និងអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោក រៀបចំដោយ ក្រុមហ៊ុន World Travel Awards មានទីស្នាក់ការនៅចក្រភពអង់គ្លេស។

សូមបញ្ជាក់ថា កម្ពុជាទទួលបានពានរង្វាន់នេះចំនួន ២ឆ្នាំជាប់គ្នា ដែលកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូក្រសួងទេសចរណ៍កម្ពុជា ធ្លាប់បានទៅទទួលពានរង្វាន់នេះដោយផ្ទាល់ក្នុងឱកាសប្រារព្ធខួបទី២៩ឆ្នាំ របស់ ក្រុមហ៊ុន World Travel Awards ក្នុងកម្មវិធី World Travel Awards’ Asia & Oceania Gala Ceremony 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សមាគមទេសចរណ៍ គ្រប់ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័ន ពាក់ព័ន្ធ ទេសចរជាតិ-អន្តរជាតិ សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយអំពីការទទួលបានពានរង្វាន់ កម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខគេលើពិភពលោកផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្ត របស់យុវជន ឆ្នាំ២០២៣ ខាងលើនេះឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅ “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង