រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការផ្អាកអាជីវកម្ម ថតចម្លងឯកសារ ជុំវិញមណ្ឌលប្រឡងបាក់ឌុប
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្មជុំវិញមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) រយៈពេល ២ ថ្ងៃ គឺថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣១មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាល រាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង ដូចខាងក្រោម៖
១- ផ្អាកជាបណ្ដោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
២- ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
៣-ដោយឡែកទីតាំងអាជីវកម្មផ្សេងទៀត ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេង
ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ ដោយ សេចក្តីអនុគ្រោះ ក្រោយបញ្ចប់ការប្រឡងនេះ បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជា ធម្មតាឡើងវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ និងបងប្អូន អាជីវករពាក់ព័ន្ធត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕