ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ នៃមហាវីរក្សត្រសម័យអង្គរ
សៀមរាប ៖ នៅព្រឹក ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។
ព្រះរាជពិធីនេះ ក៏មានការយាង នឹងអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្នុងនោះរួមមាន
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត,សម្តេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, ឯកឧត្តម ជាឧបនាយក រដ្ឋមន្ដ្រី, ឯកឧត្តម ជាទេសរដ្ឋមន្ត្រី , ឯកឧត្តម លោកជំទាវ ជារដ្ឋមន្តី, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ, ឯកឧត្តម អ៊ុយណូ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា,លោក សាដា អូមា អាឡាម (Sardar Umar Alam) អ្នកតំណាងអង្គការយូណេស្កូ ប្រចាំរាជធានីភ្នំពេញ,ឯកឧត្តម អូហ្គូស្ទីន សាលី (AUGUSTINE Sali) អធិការបតីសាកលវិទ្យាល័យ សូហ្វីយ៉ា ប្រទេសជប៉ុន នឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
«ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម។
ព្រះករុណាទ្រង់ថ្លែងនូវព្រះរាជសុន្ទរកថាយ៉ាងដូច្នេះថា «ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្តតម្លៃជាសាកលពិតប្រាកដ»។
ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន។
ព្រះមហាក្សត្រមានព្រះរាជបន្ធូលរំឭកថា ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើន មានព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រធានាធិបតី យាងនិងអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនាប្រាសាទអង្គរវត្តយើងនេះដែរ។ ប្រាសាទអង្គរវត្តបានត្រូវបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ព្រះមហាក្សត្របានយកឱកាសដ៏ប្រពៃថ្លៃថ្លានាពេលនេះ ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់សម្តេច ឯកឧត្តម លោកជំទាវ
លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេសសម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបានចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតីបំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅលើពិភពលោក។
ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។
ព្រះមហាក្សត្រ មានព្រះបន្ទូលយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះប្រទេសជប៉ុន ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសអាយស៉ីស៉ី(CC) អង្គរ-សំបូរព្រៃគុក ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃអាយស៉ីស៉ី (ICC) អង្គរ»។
ព្រះអង្គមានព្រះបន្ទូលបន្តថា «ខ្ញុំក៏សូមថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៉ីអាគី អ៊ីស៉ីសាវ៉ា ដែលផ្តល់នូវការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុង រមណីយដ្ឋានអង្គរឱ្យប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធាន មនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឪ្យសាធារណជនលើ ពិភពលោកបានជ្រួតជ្រាប»។
ក្នុងន័យនេះ ព្រះមហាក្សត្រ ក៏បានមានព្រះបន្ទូលលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ន នានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៉ីស៉ី(ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុង ឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណ វិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យ បេតិកភណ្ឌវប្បធម៌។
ព្រះអង្គ ក៏បានសព្វព្រះទ័យយកឱកាសនេះ ដើម្បីសម្ដែងនូវអំណរគុណជាថ្មីម្ដងទៀតដល់ បណ្តាប្រទេសជាមិត្ត អ្នកជំនាញការជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នា ដើម្បីរក្សាតម្លៃលេចធ្លោ ជាសកលរបស់រមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោកឱ្យគង់វង្ស។
ព្រះមហាក្សត្រ បានមានព្រះបន្ទូលសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិនេះ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរា និងសា្ថប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ព្រះអង្គបានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសដ៏ប្រពៃថ្លៃថ្លានាពេលនេះ ដើម្បីថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើន ផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញ នៅលើពិភពលោក»។
ព្រះអង្គ ក៏បានមានរាជអង្កាបន្ដថា ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោល នយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។
ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានរំលឹកថា ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជា ថ្នាក់ដឹកនាំប្រទេសជាច្រើនមាន ព្រះមហាក្សត្រ-ប្រមុខរដ្ឋ-ប្រធានាធិបតី យាងនិងអញ្ជើញមក ទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នៃកម្ពុជា (SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនា ប្រាសាទអង្គរវត្តយើងនេះដែរ៕