លទ្ធផល នៃកិច្ចបជុំរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧
ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃកិច្ចបជុំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំគណៈ កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលបានសម្រេច៖
បន្តអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈដែលបានអនុវត្តកន្លងមក ដែលមានកំណត់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីសម្រេចឱ្យបានជា លទ្ធផលជាក់ស្ដែងក្នុងផ្នែកគន្លឹះនៃរដ្ឋបាលសាធារណៈ ដោយផ្តោតលើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាមរយៈវិធានការជាក់ស្តែង រួមមាន៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មសា្ថប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកប ដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ប្រសិទ្ធភាព និងចីរភាព។
ប្រគល់ភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ប្រកាន់យករបៀបន ការគិតគូរថ្មីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ក្នុងការពិចារណាដោះស្រាយស្ថានភាពចំពោះ មុខពាក់ព័ន្ធនឹងការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្ស ដោយត្រូវអនុវត្តការត្រួតពិនិត្យ ឡើងវិញ ការវិភាគមុខងារស្ថាប័ន និងការកំណត់តម្រូវការធនធានមនុស្សឱ្យបានច្បាស់លាស់។
ប្រគល់ភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ធ្វើការពិនិត្យ កែសម្រួល និងតម្រង់ទិសថវិកាឱ្យចំគោលដៅ ដោយត្រូវពិនិត្យមើលប្រភពថវិកាជាតិ ថវិកាដៃគូ អភិវឌ្ឍន៍ ដើម្បីគាំទ្រប្រសិទ្ធភាពការងារ សមិទ្ធកម្ម និងការលើកទឹកចិត្តផ្ទៃក្នុងឱ្យមានប្រសិទ្ធ ភាពខ្ពស់។
ប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ធ្វើការពិនិត្យតាមដាន និងវាយតម្លៃ ជាប្រចាំក្នុងន័យកំណត់ឱ្យបានច្បាស់លាស់នូវបញ្ហាប្រឈម ដើម្បីងាយស្រួលក្នុងការសម្រប សម្រួល និងការគាំទ្រដល់ក្រសួង ស្ថាប័ន ផ្អែកលើគោលការណ៍រដ្ឋាភិបាលឯកភាព រដ្ឋបាល ឯកភាពនិងសំឡេងឯកភាពតែ១ក្នុងការបំពេញការងារ។
ប្រគល់ភារកិច្ចជូនក្រសួងមុខងារសាធារណៈក្នុងនាមជាលេខាធិការដ្ឋាន នៃ គ.វ.រ. ត្រូវជំរុញ ការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល
សាធារណៈដោយត្រូវបន្ស៊ី និងប្រទាក់ក្រឡាគ្នានូវសកម្មភាពនៃការដាក់ឱ្យអនុវត្តប្រព័ន្ធ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មសា្ថប័ន ព្រមទាំងការ ដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ឱ្យបានរួចរាល់ត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ដោយក្នុងនោះ៖
ត្រូវរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការដាច់ដោយឡែកពីគ្នា ផ្ដល់ជម្រើសច្រើន ដល់បេក្ខជន ព្រមទាំងត្រូវអនុវត្តស្របតាមគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈ។
ត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ទន្ទឹមនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវបានអនុញ្ញាត ឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការឡើយ ក្នុងករណីមិនបានអនុវត្តការពិនិត្យឡើងវិញ រចនាសម្ព័ន្ធនិងការវិភាគមុខងារ។
ត្រូវរៀបចំប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មក្នុងកម្រិតម៉ាក្រូ ដែលផ្ដល់ការគាំទ្រពី រាជរដ្ឋាភិបាល ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ទន្ទឹមនេះ យន្តការលើក ទឹកចិត្តផ្ទៃក្នុងនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានស្រាប់ ត្រូវរក្សាទុក និងអនុវត្តដដែល។
ប្រគល់ភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ បង្កើតឱ្យមានក្រុម ការងារទទួលបន្ទុកអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្ន សង្គតិភាព និងយុត្តិធម៌។ ប្រគល់ភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជំរុញការផ្លាស់ប្ដូរផ្នត់ គំនិត និងរបៀបបំពេញការងារតាមទម្លាប់ ដោយត្រូវរៀបចំ និងអនុវត្តតាមគោលការណ៍ ណែនាំច្បាស់លាស់ ផ្អែកលើការពិគ្រោះយោបល់ទូលំទូលាយ និងឈរលើគោលការណ៍រួមចិត្ត រួមគំនិត និងរួមសកម្មភាព ដែលក្នុងនោះ៖
១- ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ជាដំណាក់កាលពិនិត្យឡើងវិញ និងរៀបចំកិច្ចការឱ្យរៀបរយ។
២- ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦ . ជាដំណាក់កាលអនុវត្តឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរ។
៣- ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៨. ជាដំណាក់កាលពិនិត្យ និងវាយតម្លៃដើម្បីពង្រឹងនិង ពង្រីកការកែទម្រង់។
ទទួលបានសេចក្ដីជូនដំណឹងនេះ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធត្រូវយកចិត្ត ទុកដាក់អនុវត្តឱ្យទទួលបានលទ្ធផលជាវិជ្ជមាន៕