សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ ដែលកាប់ច្រឡំត្រូវយុវជន០២នាក់ របួសធ្ងន់ធ្ងរ
បាត់ដំបង៖ យុវជន០២នាក់រងគ្រោះព្រោះកាប់ច្រឡំនៅស្រុកមោងឫស្សី តែទីបំផុតសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន០៥នាក់ យកមកអនុវត្តទោសតាមផ្លូវច្បាប់។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចំណុចក្រុម ទី០៧ ភូមិពោធិ៍២ ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើង បង្កដោយជនសង័្សយមួយក្រុម (មិនស្គាល់អត្តសញ្ញាណ)មានគ្នាពី០៦នាក់ ទៅ០៧នាក់ ជិះម៉ូតូ០៤គ្រឿង (មិនចាំម៉ាក) ប្រដាប់ដោយដាវ និងកាំបិត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់៖
១-ឈ្មោះ ម៉ាប់ ស៊ីមិន ភេទប្រុស (របួសត្រង់ស្មាខាងឆ្វេង០១កន្លែង និងក្រោមស្លាបប្រចៀវខាងឆ្វេង០១កន្លែង(របួសមធ្យម)។
២-ឈ្មោះ វ៉ាន់ សុដារិទ្ធិសី ភេទប្រុស អាយុ១៩ឆ្នាំរបួសខ្នងពី ក្រោយ ០២កន្លែង(របួសស្រាល) ជនរងគ្រោះទាំង០២នាក់រស់នៅភូមិស្ដីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនរងគ្រោះត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ហើយបានរាយការណ៍ពីករណីនេះ មកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥និង២០នាទី ។
ក្រោយពីទទួលបានពាក្យបណ្ដឹង និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានដឹកនាំផ្នែកជំនាញយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគបាលស្រុក ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤០នាទី សមត្ថកិច្ចបានកំណត់មុខសញ្ញាបាននិងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ក្នុងចំណាម០៧នាក់ ក្នុងនោះរួមមាន៖
១-ឈ្មោះ ឆូន ខេន ហៅបឺត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ ហង្ស ផាន់ណា ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបង។
៣-ឈ្មោះ អឿត សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបង។
៤-ឈ្មោះ ទូច ទូ ហៅឡាំងគោ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
៥-ឈ្មោះ អែង ចាន់ ហៅងៀម ភេទប្រុស អាយុ ២១ឆ្នាំរស់នៅ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ជនសង្ស័យទាំង០៥នាក់ ឃាត់ខ្លួនបាននៅលំដ្ឋានរបស់ជនសង្ស័យ) រីឯជនសង្ស័យចំនួន០២នាក់ទៀតបានគេចខ្លួនបាត់។
វត្ថុតាងដកហូតបានមាន៖ -ដាវចំនួន០២ដើម -ម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ស ផ្លាកលេខបាត់ដំបង 1AF-8992 ។
ជនសង្ស័យបានសារភាពថាពួកខ្លួន ពិតជាបានកាប់ជនរងគ្រោះទាំង០២នាក់ខាងលើ ប្រាកដមែន ចំពោះមូលហេតុដែលនាំដល់ការធ្វើសកម្មភាពបែបនេះ លោកវរសេនីយ៍ឯក ស គឹឡុង បានបញ្ជាក់ថា ដើមឡើយក្រុមជនសង័្សយខាងលើ មានទំនាស់ជាមួយក្រុមក្មេងមួយក្រុមផ្សេង នៅក្នុងពិធីបុណ្យកឋិនទានចាក់ធុងបាស់រាំ នៅក្នុងវត្តមួយតែដោយសារមានសមត្ថកិច្ចនគរបាល និងប្រជាការពារនៅទីនោះ អន្តរាគមន៍ទំនាស់នៅទីនោះបានបញ្ចាប់ទៅ។
មិនអស់ចិត្តក្រុមបង្កហេតុ បានចេញទៅខាងក្រៅវត្ត ជិះម៉ូតូស្វែងរកក្រុមម្ខាងទៀតដើម្បីបញ្ចប់កំហឹង តែចៃដន្យមិនបានជួបក្រុមទំនាស់ជាមួយខ្លួន ក៏ទៅជួបក្រុមក្មេងផ្សេងដែលអត់ដឹងរឿងអ្វីផង ក៏ពួកគេធ្វើសកម្មភាពបែបនេះតែម្តង លុះធ្វើសកម្មភាពបណ្តាលឱ្យមានរបួសស្នាមហើយទើបដឹងថា ជាការកាប់ច្រឡំមនុស្ស។
ពេលនេះនគរបាលស្រុករៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់៕
