ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងខណ្ឌ៧មករា បានផ្ដោតលើប្រធានបទចំនួន៤

321

 

ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ ធ្វើឡើងនៅស្តាតអូឡាំពិត លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឲ្យ មានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ នីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម សង្កាត់នានាក្នុងខណ្ឌរបស់ខ្លួនក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ ដែលជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបាន អនុវត្តរួចហើយក្នុងឆ្នាំ២០២៣នេះ ស្របតាមច្បាប់កំណត់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន លើកឡើងនូវសំនួរ សំណើ និងសំណូមពរ ទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដែលជាកង្វល់របស់ប្រជាពលរដ្ឋ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះបានផ្ដោតលើប្រធានបទចំនួន៤រួមមាន៖ ទី១ កាងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព) ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ …) ទី៣ ការងារបរិស្ថាន(បញ្ហាសំរាម សុខុមាលភាពសង្គម)និងទី៤ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើរនិងសំណូមពរ ផ្ទាល់មាត់ចំនួន៣នាក់ និងលាយលក្សអក្សចំនួន ១៣ច្បាប់
ប្រជាពលរដ្ឋលើកដោយផ្ទាល់មាត់ គឺពាក់ព័ន្ធ និងជំនាញសាធារណការ ក្នុងនោះរួមមាន ការសុំដាក់របាំងពុះចែកទ្រូងផ្លូវនៅសង្កាត់អូឬស្សីទី២ សូមការបំភ្លឺ ពាក់ព័ន្ធ ដើមឈើបាក់ រលំ លើយានយន្ត និងការស្ថាបនាលូជាដើម ។ សូមអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដើម្បីអោយរាជធានីភ្នំពេញ មានពណ៌បៃតង សោភណ្ឌភាពនិងបរិស្ថានល្អ។

ក្នុងវេទិកានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី បានលើកឡើងថា ការស្ថាបនា ដាក់លូ ជាការងារជំនាញរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ដាច់ខាតសង្កាត់ត្រូវទាក់ទងមកជំនាញ ដើម្បីជីកដាក់លូ ទើបវាមិនប៉ះពាល់ដល់ដើមឈើនៅតាមដងផ្លូវ។

បើមន្ត្រីជំនាញកាប់ឫលះមែកឈើដួលឬធ្លាក់សង្កត់មកលើទ្រព្យសម្បត្តិឬយានយន្តរបស់ពលរដ្ឋ ខាងមន្ទីរជាអ្នកទទួលខុសត្រូវ លើការខូចខាតទាំងនោះ។ ប៉ុន្តែ បើខ្យល់ព្យុះឬគ្រោះធម្មជាតិផ្សេងៗ បណ្តាលអោយដើមឈើរលំសង្កត់លើយានយន្តនោះ វាជាប្រធានស័ក្ត មិនមែនជាការទទួលខុសត្រូវរបស់មន្ទីរសាធារណការនោះទេ ។ បើប្រទេសគេវិញ យានយន្តរបស់គេ គេមានធានារ៉ាប់រង។
ការសុំដាក់របាំងពុះចែកទ្រូងផ្លូវ ខាងមន្ទីរនិងដាក់ជំនាញចុះសិក្សា ដើម្បីដាក់ជូនទៅតាមសំណើរ៕

 

អត្ថបទដែលជាប់ទាក់ទង