ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ អតីតឯកអគ្គរាជទូតជប៉ុន បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការរីកចំរើនយ៉ាងឆាប់រហ័ស និងភាពអស្ចារ្យ របស់ប្រទេសកម្ពុជា

307

 

ភ្នំពេញ៖ នៅវិមាន៧មករា ព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ (Shinohara Katsuhiro) អតីតឯកអគ្គរាជទូតជប៉ុន និងជាប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា និងលោកវេជ្ជបណ្ឌិតសាស្ដ្រាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី (Kanai Atsushi) ចូលជួបសម្តែងការគួរសម។

ឯកឧត្តម ស៊ីណូហារ៉ាកាត់ស៊ូហ៊ីរ៉ូ បានមានប្រសាសន៍សម្តែងនូវការភ្ញាក់ផ្អើលចំពោះភាពរីកចំរើនដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងបន្តក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី។ ដោយឡែកលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី បានមានប្រសាសន៍ជម្រាប ជូនសម្តេចតេជោថា រូបលោកធ្លាប់បានជួយកម្ពុជាលើបញ្ហាភ្នែកជូនប្រជាជនកម្ពុជា រយៈពេលជាង៣០ឆ្នាំមកហើយ ក្នុងនោះរួមទាំងបានជួយពិនិត្យព្យាបាល និងផលិតកែវភ្នែកជូនសម្ដេចតេជោផងដែរ។

លោកវេជ្ជបណ្ឌិតបន្តថា រូបលោកបានខកខានមកកាន់កម្ពុជារយៈពេល១៣ឆ្នាំមកហើយ មកដល់ពេលនេះរូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការរីកចំរើនយ៉ាងឆាប់រហ័ស និងភាពអស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និង បន្តមកក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចតេជោ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងពីរដែលបានចូលរួមសហការជាមួយសម្តេចកាល
ពីពេលកន្លងមក ពិសេសការចូលរួមសហការលើបញ្ហាភ្នែករបស់សម្តេចអោយមានភាពល្អប្រសើរ។

សម្តេចតេជោក៏បានបញ្ជាក់ ពីគោលបំណងនៃការអញ្ជើញទៅប្រទេសជប៉ុន នៅពេលខាងមុខ ដើម្បីពិនិត្យសុខភាពភ្នែករបស់សម្តេចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង