ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែនធ្លាក់ចុះ ក្រោយផ្ទុះសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស

98

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច សម្រាប់ប្រទេសរបស់លោក បានធ្លាក់ចុះចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីខែតុលាមក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ៉ីស្រាអែល ដែលទទួលបានការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិក កំពុងបន្តវាយប្រហារលើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានបើក ការវាយប្រហារមួយលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ច្រើនជាង២០០នាក់ជាចំណាប់ខ្មាំង កាលពីថ្ងៃទី៧ ខែតុលាមក។ តែព្រមពេលជាមួយគ្នា ការគាំទ្រអ៉ីស្រាអែលនៅក្នុងសង្រ្គាមជាមួយហាម៉ាស ក៏បានថយចុះផងដែរ ក្នុងបរិបទដែលក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សាអះអាងថាការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង ១១,៤៧០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា លោក ហ្សេលេនស្គី ដោយចង់សំដៅលើការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសមរភូមិភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ការផ្គត់ផ្គង់សម្រាប់ ពួកយើងបានធ្លាក់ចុះ។ តែនេះមិនមែនមានន័យថាសហរដ្ឋអាមេរិកឈប់ផ្ដល់ជំនួយដល់ពួកយើងនោះទេ គ្រាន់តែក្នុងពេលនេះ គេគ្រប់គ្នាប្រឹងប្រែង បំពេញស្ដុកអាវុធរបស់ខ្លួនឡើងវិញ។ នេះហើយគឺជាជីវិត។ ខ្ញុំមិននិយាយថានេះជារឿងវិជ្ជមានទេ តែជីវិត គឺបែបហ្នឹង ហើយយើងត្រូវការពារអ្វី ដែលជារបស់យើង»

គួរបញ្ជាក់ថា ទាំងរុស្ស៉ី និងអ៊ុយក្រែន កំពុងត្រូវការជាចាំបាច់នូវគ្រាប់កាំភ្លើងធំ តែអ្វីដែលជាការកត់សម្គាល់នោះគឺកូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើង បានបញ្ជូនគ្រាប់កាំភ្លើងធំ ១លានគ្រាប់ទៅឱ្យរុស្ស៉ី ជាថ្នូរមកវិញនឹងការទទួលបានការប្រឹក្សាយោបល់ពីបច្ចេកវិទ្យាផ្កាយរណប។ ចំណែក សហភាពអឺរ៉ុបវិញ បានបញ្ជាក់ថាខ្លួនមិនអាចបញ្ជូនគ្រាប់កាំភ្លើងធំ ១លានគ្រាប់តាមផែនការមួយឆ្នាំ សម្រាប់អ៊ុយក្រែនបានឡើយ ខណៈសហរដ្ឋអាមេរិកកំពុងផ្ដោតលើការ ជួយអ៉ីស្រាអែលក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស។

យ៉ាងនេះក្ដី ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ រុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែមិនអាចសម្រេចបានជោគជ័យធំដុំណាមួយនៅលើសមរភូមិនោះទេ ដោយ មេបញ្ជាការអ៊ុយក្រែនបាននិយាយថាសង្រ្គាមបានដើរដល់ដំណាក់កាលជាប់គាំង។ ប៉ុន្តែតាមអ្នកវិភាគជាច្រើន ប្រសិនបើគ្មានជំនួយយោធាពីសម្ព័ន្ធមិត្ត លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកទេ នោះរុស្ស៉ីអាចនឹងទទួលបានជ័យជម្នះក្នុងសង្រ្គាម៕

អត្ថបទដែលជាប់ទាក់ទង