ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ ស៊ីញេបទបញ្ជាហាមពលរដ្ឋមកពីប្រទេសចំនួន១២ ចូលក្នុងសហរដ្ឋអាមេរិក

56


វ៉ាស៊ីនតោន៖សេតវិមាន នៅថ្ងៃពុធ ទី៤ ខែមិថុនា បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយដែលហាមឃាត់ពលរដ្ឋមកពីបណ្ដាប្រទេសមួយចំនួន ចូលក្នុងសហរដ្ឋអាមេរិក ដើម្បីការពារអាមេរិកពីជនបរទេសដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេតវិមាន បទបញ្ជាលើបម្រាមធ្វើដំណើរខាងលើនឹងត្រូវអនុវត្តទាំងស្រុងលើពលរដ្ឋមកពីប្រទេសចំនួន១២ ក្នុងនោះរួមមាន អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៉ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ ចំណែក ពលរដ្ឋមកពីប្រទេស៧ផ្សេងទៀតត្រូវបានដាក់ឱ្យនៅក្រោមការរឹតត្បិតមួយផ្នែក ក្នុងនោះរួមមានប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកមេនីស្ថាន និងវ៉េណេស៊ុយអេឡា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានក៏បានបញ្ជាក់ដែរថាក្រុមប្រទេសដែលស្ថិតក្រោមបម្រាមធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទាំងស្រុង គឺដោយសារតែត្រូវបានរកឃើញថា មានការខ្វះខាតក្នុងការត្រួតពិនិត្យ និងត្រូវបានកំណត់ថាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមសេតវិមាន បទបញ្ជាលើបម្រាមធ្វើដំណើរខាងលើនឹងត្រូវចូលជាធរមាននៅម៉ោង ១២៖០១នាទីយប់រំលងអធ្រាត្រ ថ្ងៃទី៩ ខែមិថុនា (ម៉ោងនៅសហរដ្ឋអាមេរិក)៕

អត្ថបទដែលជាប់ទាក់ទង