អ៉ីរ៉ង់ព្រមានអាមេរិកជុំវិញការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ជួរភ្នំយុទ្ធសាស្ត្ររបស់ហេសបូឡាហ៍នៅភាគខាងត្បូងលីបង់
បៃរូត៖ប្រទេសអ៉ីរ៉ង់បានចេញសារព្រមានទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងឆ្លើយតបវិញដោយកម្លាំងយោធាយ៉ាងចាស់ដៃ ប្រសិនបើកងទ័ពអ៉ីស្រាអែលបើកការវាយប្រហារលើតំបន់ជួរភ្នំយុទ្ធសាស្ត្រមួយកន្លែងនៅភាគខាងត្បូងប្រទេសលីបង់ ជាទីដែលកងទ័ពអ៉ីរ៉ង់កំពុងឈរជើងរួមគ្នាជាមួយកងកម្លាំងក្រុមហេសបូឡាហ៍ (Hezbollah)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
តំបន់ជួរភ្នំ Ali al-Taher ដែលគ្រប់គ្រងដោយក្រុមហេសបូឡាហ៍ ត្រូវបានគេជឿថាជាទីតាំងនៃមជ្ឈមណ្ឌលបញ្ជាការក្រោមដី និងឃ្លាំងស្តុកអាវុធដ៏រឹងមាំ ខណៈដែលកងទ័ពអ៉ីស្រាអែលបានចាត់ទុកជួរភ្នំនេះជា «គោលដៅប្រតិបត្តិការចម្បង» មួយរបស់ខ្លួន។ នៅក្នុងសារផ្ញើទៅកាន់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងតេហេរ៉ង់បានគំរាមថា រាល់ការវាយលុកទ្រង់ទ្រាយធំណាមួយរបស់អ៉ីស្រាអែលលើទីតាំងនេះ នឹងត្រូវប្រឈមមុខនឹងការវាយប្រហារតបតវិញយ៉ាងធំសម្បើមពីសំណាក់កងទ័ពអ៉ីរ៉ង់។
គួរបញ្ជាក់ថា ជួរភ្នំ Ali al-Taher បានក្លាយជាចំណុចក្តៅបំផុតមួយនៃការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡាហ៍ ខណៈដែលសារព្រមាននេះបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់របស់អ៉ីរ៉ង់នៅលើសមរភូមិដីគោកក្នុងប្រទេសលីបង់ ស្របពេលដែលសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាបានឈានចូលដល់ខែទី៧ ហើយនោះ៕
