ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចេញសារលិខិតរំលែកទុក្ខ និងជូនដំណឹង ប្រធានការិយាល័យដឹកជញ្ជូន ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

666

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចេញសារលិខិតរំលែកទុក្ខ សម្តែងនូវការសោកស្តាយ អាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ លោក សំ វិចិត្រា ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០១:៥៩នាទីយប់ ក្នុងអាយុ ៣៦ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិក កម្មករទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយ ស្រណោះអាឡោះអាល័យបំផុត ចំពោះគ្រួសារសព ចំពោះការ បាត់បង់លោកឪពុក និងស្វាមីជាទីគោរពស្រឡាញ់របស់ភរិយា និងកូនៗ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក សំ វិចិត្រា ប្រធានការិយាល័យ ដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

ដំណឹងមរណភាព ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងគ្រួសារសព មានទុក្ខក្រៀមក្រំយ៉ាងក្រៃលែង ដោយ លោក សំ វិចិត្រា ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានទទួលមរណភាព នៅថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០១:៥៩នាទីយប់ ក្នុងអាយុ ៣៦ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

សពតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ស្ថិតនៅ ភូមិភារកិច្ច (ហៅពងទឹក) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សេចក្តីនេះចាត់ទុកជាការគោរពជម្រាបដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង