ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមជូនសមាជិក ប.ស.ស. ឱ្យបានលឿនរហ័ស គឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលត្រូវរួមគ្នាធ្វើ

83

 

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយស្តីពីការដោះស្រាយបណ្តឹង និងបញ្ហាប្រឈមរបស់សមាជិក ប.ស.ស. នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖ ប.ស.ស. មានតួនាទីផ្តល់សេវាជូនសមាជិករបស់ខ្លួន ដូច្នេះការផ្តល់សេវាឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព ក៏ដូចជាការដោះស្រាយបណ្តឹង រួមទាំងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនសមាជិក ប.ស.ស. គឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលត្រូវរួមគ្នាធ្វើ ពិសេសនាយកដ្ឋានជំនាញដែលទទួលបន្ទុកលើការងារនេះ។

ឯកឧត្តមអគ្គនាយកស្តីទី បានសង្កត់ធ្ងន់ទៀតថា៖ បញ្ហារបស់បងប្អូនសមាជិក ប.ស.ស. គឺជាបញ្ហារួមដែល ប.ស.ស. ក៏ដូចជាមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងត្រូវរួមគ្នាពិនិត្យ និងដោះស្រាយឱ្យបានឆាប់រហ័ស ដោយផ្អែកលើគោលការណ៍ច្បាស់ស្តីពីរបបសន្តិសុខសង្គម ធ្វើយ៉ាងណាឱ្យបងប្អូនសមាជិកទទួលបានការផ្តល់សេវាប្រកបដោយភាពត្រឹមត្រូវ លឿនរហ័ស និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទីក៏បានសំណូមពរឱ្យសមាជិក ប.ស.ស. ទាំងអស់នៅពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ហើយជួបបញ្ហាប្រឈមនានា សូមប្រញ៉ាប់អញ្ជើញទៅជួបជាមួយភ្នាក់ងារ ប.ស.ស. ដែលនៅប្រចាំការតាមន្ទីរពេទ្យ ឬអាចទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬឆាតចូលមកកាន់ Facebook Page និងគ្រុប Telegram របស់ ប.ស.ស. ដើម្បីទទួលបានការសម្របសម្រួល និងដោះស្រាយជូនបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ រួមទាំងមន្រ្តី និងបុគ្គលិកជំនាញសរុបប្រមាណជាង ២០រូប៕

 

អត្ថបទដែលជាប់ទាក់ទង