ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់ ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង នៅខណ្ឌសែនសុខ, នគរបាលប្រើប្រាស់ឡានទឹក១១គ្រឿង

58

 

ភ្នំពេញ៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ១៧ ផ្លូវបេតុង៩២ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន ស្មេីរនឹង៤៤ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុងប្រក់សង្ក័សី ទំហំ (៥ម៉ែត្រ គុណ ១២ម៉ែត្រ) បានបណ្តាលឲ្យឆេះអស់មួយផ្នែកខាងក្រោយ រួមមានម៉ូតូ២គ្រឿង និងសម្ភារៈអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៥និង៥៥នាទីល្ងាចថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ ឲ្យស្ត្រីម្នាក់ស្លាប់មានឈ្មោះ គ្រៀល អៀង អាយុ ៨៥ឆ្នាំ រីឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា ចំពោះមូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង