ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រកឃើញករណីជំងឺអុតស្វា ១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ

21

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីជំងឺអុតស្វាករណីទី៤។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា មាន ករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអុតស្វាដែលបានរកឃើញចំនួន ៤ករណី។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី បង្ការនូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖ វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។
វីរុសអុតស្វា ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអុតស្វា។

តាមរយៈអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង
មានដៃគូរួមភេទច្រើន។
ចៀសសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។ ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។
ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វា។ អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬជែល លាងដៃ ឬអាល់កុលលាងដៃ។
បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។
បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។

បុគ្គលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្ដរកជំងឺអុតស្វា ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់៕

អត្ថបទដែលជាប់ទាក់ទង