ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងអ៊ូហ្គង់ដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី

33

 

ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Okello Henry Oryem អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ូហ្គង់ដា បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងឱកាសជំនួបដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

ឯកឧត្តម ជុំ សុន្ទរី និងឯកឧត្តម Okello Henry Oryem ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា បានចែករំលែកទស្សនៈថា ភាគីទាំងពីរគួរពិចារណាធ្វើការឆ្ពោះទៅរកការចុះហត្ថលេខាលើឯកសារទ្វេភាគីមួយចំនួន រួមទាំង អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដើម្បីជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាជំរុញទំនាក់ទំនងផ្ទាល់រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ របស់ប្រទេសអ៊ូហ្គង់ដាក្នុងកិច្ចប្រជុំកំពូល G77 លើកទី ៣ និងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kampala នាពេលថ្មីៗនេះ ហើយបានបញ្ជាក់ជូនគណៈប្រតិភូអ៊ូហ្គង់ដាផងដែរថា កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញទំហឹង ដើម្បីធ្វើយ៉ាងណាជួយអ៊ូហ្គង់ដាឱ្យអនុវត្តបេសកកម្មដ៏ថ្លៃថ្នូររបស់ខ្លួនជាប្រធាន NAM ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ ប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង