ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់ របស់ប្រធានគណបក្សភ្លើងទៀន

580

 

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន។

សេចក្តីថ្លែងការណ៍ឱ្យដឹងថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។

ខ្លឹមសារសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទាវ វណ្ណល ប្រធានគណបក្សភ្លើងទៀនត្រូវបានសារព័ត៌មាន Nikkei Asia របស់ជប៉ុនដកស្រង់សម្តីមកផ្សាយ និងផ្សាយបន្តដោយ វិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា ដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។

តាមរយៈការដកស្រង់សម្តីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណល បានអះអាងថា រាជរដ្ឋាភិបាលបាន ដាក់កាមរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។ លោក ទាវ វណ្ណុល ក៏បាននិយាយទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹង ប្រជាធិបតេយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធទាំងស្រុងចំពោះការអះអាងរបស់ លោក ទាវ វណ្ណុល និង សូមបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបដូចខាងក្រោម៖
ទី១៖ គ្មានការដាក់កាមេរ៉ាដើម្បីឃ្លាំមើលសកម្មភាពរបស់ លោក ទាវ វណ្ណុល ដូចការអះអាងមួលបង្កាច់ របស់គាត់ឡើយ។ កាមេរ៉ានានាដែលត្រូវបានបំពាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត រាជធានីភ្នំពេញគឺ ក្រោមមូលហេតុសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនប្រជាពលរដ្ឋហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែក ដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយទូទៅតែប៉ុណ្ណោះ នោះឡើយ។
ទី២៖ ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសច្បាប់ដោយគ្មាន ការបែងចែកថា អ្នកនោះមានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ នៅកម្ពុជាបានទៅបរិតនយោបាយ គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បាប់ផ្តន្ទាទោស។

ទី៣៖ ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ ជាពិសេស ក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋគឺជារឿងមិនអាចខ្វះបានដើម្បីឱ្យប្រជាធិបតេយ្យ ដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យ ទៅវិញទេ ពោលគឺប្រជាធិបតេនិងសិទ្ធិសេរីភាពរបស់បុគ្គលត្រូវតែស្ថិតនៅក្រោមច្បាប់។
ទី៤៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភបំពាននាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀម ទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។

ទី៥៖ នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញដូចបានលើកឡើងខាងដើម និង ការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនិងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែការបញ្ចេញមតិដោយរំលោភបំពានលើអ្នកដទ ដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការ បំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ពិតជាមានចេតនាអាក្រក់ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្ដែងរបស់ លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ នេះគឺជាភស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែល ច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តការងារពីរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញគោល នយោបាយនិងយុទ្ធសាស្ត្រនានាដើម្បីពង្រឹងនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះគឺជាគោលជំហរដ៏ម៉ឹងម៉ាត់ និងឥតងាកររបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ 

អត្ថបទដែលជាប់ទាក់ទង