ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ៖ កិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលជោគជ័យ ត្រូវតែផ្អែកលើ កត្តាសំខាន់បួន

240

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើ កត្តាសំខាន់បួន គឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និងទី៤. ត្រូវមានការលះបង់។ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។

សម្តេចធិបតី បានមានប្រសាសន៍ថា ពិតណាស់ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជារបៀបវារៈ អាទិភាពនៅក្នុង «យុទ្ធសាស្ត្រចតុកោណ» ទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាល ក្នុង៤ នីតិកាល បន្តបន្ទាប់កន្លងទៅ, បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា, ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់ លើកម្មវិធីកែទម្រង់នេះ ដោយកំណត់ «កម្មវិធីកទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជារបៀបវារៈ គោលនយោបាយអាទិភាពរបស់ខ្លួន ក្នុង «មុំទី ២» នៃ «ស្នូលំ» និង ក្នុង «មុំទី៣» នៃ «បរិស្ថានគ្របដណ្តប់» របស់ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ។

សម្តេចធិបតិ ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា លើដំណើរផ្លូវ និងសមិទ្ធផល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេល២០ឆ្នាំ (២០០៤-២០២៤)នេះ យើងបានចាប់ផ្ដើមកែទម្រង់ក្នុងកាលៈទេសៈដ៏លំបាក ។ សម្តេចចងចាំមិនភ្លេចនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់នេះ កាលពីដើមឆ្នាំមុនថា៖ «កន្លងមក, យើងមិនបានរង់ចាំទាល់តែទទួលបានសុខសន្តិភាពបរិបូរណ៍ ពេញផ្ទៃប្រទេស ទើបចាប់ផ្តើមកិច្ចការកែទម្រង់នោះទេ។ ផ្ទុយទៅវិញ, ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ, យើងបានចាប់ផ្តើមធ្វើការកែទម្រង់លើ គោលនយោបាយ របស់យើងជាបន្តបន្ទាប់ ដោយផ្តោតលើអាទិភាពបន្ទាន់ទាំងឡាយ ស្របតាមបរិការណ៍ និង កាលៈទេសៈ នៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍មកម្ល៉េះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:រយៈពេល២០ឆ្នាំ ទទួលបានសមិទ្ធផលធំៗចំនួន៥៖

សមិទ្ធផលគន្លឹះទី១៖ ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា។ សមិទ្ធផលទី២៖ ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ។ សមិទ្ធផលទី៣៖ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក «ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម»។ ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវ «គណនេយ្យភាពសមិទ្ធកម្ម» ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ សមិទ្ធផលគន្លឹះទី៤៖ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង។ សមិទ្ធផលគន្លឹះទី៥៖ ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយផ្តល់អនុសាសន៍មួយចំនួន ដែលគ្រប់ក្រសួង-ស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចយកទៅធ្វើជាធាតុចូលបន្ថែម សម្រាប់ការតម្រង់ទិសការងារ និងការរៀបចំយុទ្ធសាស្ត្រតទៅមុខផងដែរ។
រយៈពេល២០ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាការពិតសមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុងបច្ចុប្បន្នកាល និង តទៅអនាគតកាល, គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ, ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ច ការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការបង់ថ្លៃនោះដែរ។

សម្តេចធិបតីបានថ្លែងថា សូមវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានដឹកនាំផ្ទាល់ និងជាប់លាប់តាំងពីដើមទី លើការងារនេះ ប្រកបដោយភាពជាអ្នកដឹកនាំ និង វិជ្ជាជីវៈខ្ពស់ សូមកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជាគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមអនុវត្តកម្មវិធី កែទម្រង់នេះ ប្រកបដោយភាពអត់ធ្មត់ និង ភាពជាម្ចាស់ ។

សម្តេចធិបតីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្ដាដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែលតែងតែបានគាំទ្រ, ទាំងជាជំនួយបច្ចេកទេស និង ទាំងជាជំនួយហិរញ្ញវត្ថុ, ជាបន្តបន្ទាប់, តាំងពីដំណាក់កាលទី១ រហូតមកដល់ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយនេះ។

សម្តេចបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមផ្តាំផ្ញើ និងជំរុញជាថ្មីម្ដងទៀត ឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និង ឆន្ទៈកែទម្រង់ មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី៤» ។

សម្តេចធិបតី បានថ្លែងសង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី, កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាន នូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតប ទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង