ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ស្ដីពី ការបង្រា្តបការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារខ្លី (SMS) អំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត

1,043

 

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនជ្រាបថា ដោយមានអំពើមិនប្រក្រតីនៃការផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ទៅកាន់ទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានស្រាវជ្រាវ និងរកឃើញថា សកម្មភាពទាំងនេះត្រូវបានធ្វើឡើងតាមរយៈការប្រើ ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station – Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសេវា ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។

ឧបករណ៍ Fake BTS នេះ ស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត ហើយបន្ទាប់មក គឺផ្ដាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់បណ្ដាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។

ដោយកំណត់បាននូវមុខសញ្ញានេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ន.ទ.ក. សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្រុមហ៊ុន ហ្ស៊ីចែ រេនជា ខា វ៉សស៊ីង សឺវីស ឯ.ក មានអាសយដ្ឋានស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានចាប់យកវត្ថុតាង រួមមាន រថយន្តបំពាក់ឧបករណ៍ Fake BTS ៥ គ្រឿង ឧបករណ៍ Fake BTS ១៩ គ្រឿង ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ៣ គ្រឿង និងគ្រឿងបង្គុំផ្សេងៗទៀត ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS នេះ ក.ប.ទ. សូមអំពាវនាវដល់៖
– គ្រប់ក្រុមហ៊ុននាំចូលនិងផ្គត់ផ្គង់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍៖ មិនត្រូវនាំចូល ឬផ្គត់ផ្គង់ឧបករណ៍ Fake BTS ដោយគ្មានការអនុញ្ញាតពី ន.ទ.ក.
– សាធារណជនទាំងអស់៖ ត្រូវជៀសវាងការកាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ជាពិសេស គឺ មិនត្រូវបើកមើល ឬឆ្លើយតប សារខ្លី (SMS) ឬសារតាមប្រព័ន្ធតេឡេក្រាម ឬបណ្តាញសង្គមផ្សេងៗអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និង មិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងទទួលរងការលួចចូល (Hack) យកទិន្នន័យពីជនទុច្ចរិត។

– គ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី ខេត្ត៖
• សូមចូលរួមត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូល ឬចែកចាយឧបករណ៍ Fake BTS ឱ្យបានម៉ឺងម៉ាត់
• សូមចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជនរស់នៅមូលដ្ឋានរបស់ខ្លួនអំពីករណីនេះ ក៏ដូចជា ការជៀសវាងការបើកមើល ឬឆ្លើយតប សារពាក់ព័ន្ធនឹងល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និង ការជៀសវាងការចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់។
ក.ប.ទ. សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី ន.ទ.ក. និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។

ក្នុងករណីមានព័ត៌មានអំពីការនាំចូល ផ្គត់ផ្គង់ ដំឡើង និងប្រើប្រាស់ឧបករណ៍ Fake BTS សូមរាយការណ៍មក ន.ទ.ក តាមរយៈលេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected]

 

អត្ថបទដែលជាប់ទាក់ទង