ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយដល់យុវជនក្រីក្រ និងគ្មានការងារធ្វើ បានចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

66

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយដល់យុវជនក្រីក្រ និងគ្មានការងារធ្វើបានចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ ដើម្បីឱ្យយុវជនយើងមានជំនាញមួយច្បាស់លាស់សម្រាប់ ជាអាជីពក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោកមាន ចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជា ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានថ្លែងកោតសរសើរការអនុវត្តការងារដ៏ល្អរបស់ រដ្ឋបាលរាជធានីភ្នំពេញ និងកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលខិតខំអនុវត្តគោនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តដែលល្មើសច្បាប់ ពិសេសត្រួតពិនិត្យអ្នកបើកបរមានជាតិស្រឹវឹង។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីមួយមាន សារសំខាន់ធ្វើឱ្យយុវជនក្រីក្រី និងគ្មានការងារធ្វើ មានជំនាញមួយច្បាស់លាស់ សម្រាប់ធ្វើជាអាជីព មាន ប្រភពចំណូលដែលអាផ្គត់ផ្គងក្នុងក្រុមគ្រួសារបាន។ ឯកឧត្តមបានជំរុញឱ្យអភិបាលខណ្ឌ សង្កាត់បន្ត ចុះផ្សព្វផ្សាយពីកម្មវិធីដ៏មានសារៈសំខាន់នេះទៅដល់យុវជនក្រីក្រ និងងាយរងគ្រោះបានទៅចុះឈ្មោះ ចូលរៀន ខណៈដែលការចូលរៀនបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដោយ សិស្សនឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, មានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

លោកមាន ចាន់ យ៉ាដា បានបង្ហាញការគាំទ្រចំពោះយន្តការជំរុញឱ្យយុវជនក្រីក្រនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញបន្តចុះឈ្មោះចូលរៀនបន្តទៀត ព្រោះជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាល សំដៅ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោកបន្តថា អាជ្ញាធររាជធានីភ្នំពេញនឹងបន្តធ្វើកិច្ចសហការជាមួយ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខណ្ឌទំាង១៤ ចុះផ្សព្វផ្សាយអំពីយន្តការយន្តឈ្មោះ ទៅដល់យុវជនក្រីក្រ និងគ្មានការងារធ្វើនៅមូលដ្ឋានដែលមានទិន្នន័យច្បាស់លាស់។

តាមរបាយការណ៍របស់មន្ទីរការងារ និងបណ្តុះបណ្តាលរាជធានីភ្នំពេញបានឱ្យដឹងថា មកដល់ពេលនេះ មានយុវជនក្រីក្រ គ្មានការងារធ្វើនៅរាជធានីភ្នំពេញជាង២ពាន់នាក់ហើយ បានចុះ ឈ្មោះចូល រៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ។
កម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង