ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងកញ្ញា នី សៀវហ៊ុន ជាអភិបាលរងខណ្ឌមានជ័យ

146

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខណ្ឌមានជ័យ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង កញ្ញា នី សៀវហ៊ុន ជាអភិបាលរងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ឯម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និងលោក សេង គន្ធ អភិបាលខណ្ឌ ព្រមទាំងលោក លោកស្រី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការ កងកម្លាំង បុគ្គលិករដ្ឋបាល និងភ្ញៀវកិត្តិយសប្រមាណ៧០រូប។

បន្ទាប់ពីការអានប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការតែងតាំង កញ្ញា នី សៀវហ៊ុន ដោយតំណាងទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ និងការឡើងប្តេជ្ញាចិត្តរបស់កញ្ញា នី សៀវហ៊ុន រួចមក, លោក នួន ផារ័ត្ន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រឹង របស់ក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ មន្រ្តីជំនាញ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទរបស់រដ្ឋបាលខណ្ឌមានជ័យ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទី ភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន រហូតទទួលបានស្នាដៃការងារ និងសមិទ្ធផលជាច្រើន។

ជាមួយគ្នានេះ លោកបានលើកឡើងអំពីស្នាដៃ និងសមិទ្ធផលជាច្រើន ដែលកម្ពុជានិយាយជារួម និងនិយាយដោយឡែក សមិទ្ធផលការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទទួលបានតាមរយៈការអនុវត្តយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់កាល ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា និងការបន្តថែរក្សា ពូនជ្រំ អភិវឌ្ឍបន្ត ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងការធ្វើកំណែទម្រង់មុតស្រួច លើគ្រប់វិស័យ ជាពិសេសគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះ ៥ចំណុច ព្រមទាំងអនុសាសន៍ គន្លឹះទាំង ៥ចំណុច ដែលសម្តេចធិបតី បានដាក់ចេញសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក។

លោក នួន ផារ័ត្ន បានសំណូមពរមន្រ្តីមូលដ្ឋានទាំងអស់ សូមបន្តយកចិត្តទុកដាក់បំពេញការងាររក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់របៀបរៀបរយ ផ្តល់ការអភិវឌ្ឍ និងផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេស លោកបានស្នើសុំឲ្យមន្រ្តីមូលដ្ឋានទាំងអស់ សូមមានចរិតមហាជន និងត្រូវចេះផ្សារភ្ជាប់ រួមសុខ រួមទុក្ខ ជាមួយនឹងប្រជាជន ជួយយកអាសាប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន នៅគ្រប់កាលៈទេសៈដែលពួកគាត់ត្រូវការ៕

អត្ថបទដែលជាប់ទាក់ទង