ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងករណីប្រឌិតអង្គហេតុ នៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៍ គោលដៅស្តុបក្ដាន់ពីរ

64

 

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីប្រឌិតអង្គហេតុនៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៍គោលដៅស្តុបក្ដាន់ពីរ ជនសង្ស័យម្នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីរបទល្មើស គឺ បទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ ដោយ ១. ការប្តឹងបរិហារបង្កាច់កេរ្តិ៍ ទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល និង២. បទក្លែងបន្លំ ទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប្រឌិតអង្គហេតុ នៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៍គោលដៅស្តុបក្ដាន់ពីរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង៣០នាទី មានបុគ្គលជាជនសង្ស័យមួយក្រុមបាន ប្រើប្រាស់បណ្តាញសង្គមគណនីឈ្មោះ គង់ ម៉ូលីណា បានដាក់ពាក្យបណ្តឹងផ្ញើចូលទៅក្នុងគ្រប សុវត្ថិភាព ចរាចរណ៍យើង បានប្តឹងទៅលើឈ្មោះ ខៀវ សុខឡាយ ជាមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្ដាន់ពីរ អំពីរឿងហេតុនៃការទារប្រាក់ផាកពិន័យទៅស្នងការនគរបាលរាជធានីភ្នំពេញ។ តាមលទ្ធផលស្រាវជ្រាវ និង ស៊ើបអង្កេតរបស់សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ ឃឹម សុផាណា ដែលបានប្រឌិតអង្គហេតុ បរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំទៅលើឈ្មោះ ខៀវ សុខឡាយ ដែលការពិតក្នុងអង្គហេតុនេះ ឈ្មោះ ខៀវ សុខឡាយ ពុំបានប្រព្រឹត្តនោះឡើយ។ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុងចាត់ការ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៦ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទិននឹងករណីប្តឹងបរិហារបង្កាច់កេរ្តិ៍ និងក្លែងបន្លំ ដែលមានជនត្រូវចោទ ឈ្មោះ ឃឹម សុផាណា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទ ប្រកាន់ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣១១ មាត្រា៣១២ មាត្រា៦២៦ និងមាត្រា៦២៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឃឹម សុផាណា ដើម្បីបន្តការស៊ើបសួរ តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង