ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាគ្រឿងម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ ក្នុងនោះសហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងដើរតួនាទីកាន់តែសំខាន់ថែមទៀត ជាមូលដ្ឋានសម្រាប់ភាពរីកចម្រើនយូរអង្វែងតរៀងទៅ

23

 

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងថ្មីដែលមានកម្ពស់ ១៨ ជាន់ ដោយត្រូវបានប្រសិទ្ធនាមថា «អគារតេជោសែន» ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ រដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជារយៈពេលវែង និងត្រូវអនុវត្តជា ៥ ដំណាក់កាល សម្រាប់រយៈពេល ២៥ ឆ្នាំទៅមុខ ដោយរក្សាវិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្រ្តចតុកោណ «មនុស្ស ផ្លូវ ទឹក និង ភ្លើង» នៅ ដដែល, ប៉ុន្តែ បន្ថែមវិស័យអាទិភាពមួយទៀតគឺ «បច្ចេកវិទ្យា» ពោល«គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» សម្រាប់ ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ជាពិសេស បដិវត្តន៍ ឧស្សាហកម្មទី ៤ ដែលកំពុងផ្លាស់ប្តូរនូវរបៀបនៃការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត និងការប្រាស្រ័យទាក់ទងរបស់មនុស្សទូទាំងសកលលោក ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបន្ថែម បញ្ចកោណទី ៥ គឺ «ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល» ដើម្បីជំរុញកំណើន ផលិតភាព សេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងារ ព្រមទាំងបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ មានជាអាទិ៍ : «គោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០» ដែលមានគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចំពោះមុខ ក៏ដូចជា សម្រាប់ចូលរួមនៅក្នុងដំណើរការបង្កើតបច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត, «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ី រួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង, និង«គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥» ដែលមានគោលបំណងកសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាន ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល ជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែទម្រង់លើគ្រប់វិស័យ ព្រមទាំងចូលរួមដោះស្រាយ បញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពសម្រាប់វិស័យសាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា ។

លើសពីនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បាន និង កំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និង មធ្យម, សិប្បកម្ម, ព្រមទាំងការពង្រឹងឧស្សាហកម្មប្រតិគមន៍ (Backward Linkages) និងការកាត់បន្ថយថ្លៃដើមប្រតិបត្តិការអាជីវកម្ម ដូចជា ថ្លៃដឹកជញ្ជូន, ថ្លៃទឹក, ថ្លៃអគ្គិសនី, ថ្លៃឌីជីថល, ថ្លៃសេវាសាធារណៈ និងថ្លៃមូលធន ព្រោះថា វិស័យឯកជន គឺជាគ្រឿងម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ ក្នុងនោះសហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងដើរតួកាន់តែសំខាន់ថែមទៀត ដែលជាមូលដ្ឋានសម្រាប់ភាពរីកចម្រើនយូរអង្វែងតរៀងទៅ ។ លើសពីនេះ ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ ២០២៣ រួមមានកម្មវិធីទី ២ ដែលនឹងរួមចំណែកលើកស្ទួយផ្ទាល់ដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ក៏ដូចជាវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និងការដាក់ចេញនូវការជំរុញអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ចំពោះការសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងឆ្នាំ ២០២៣ ព្រមទាំងលើកទឹកចិត្តឱ្យក្រសួងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងភាគីពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម, សហគ្រាសធុនមីក្រូ តូច មធ្យម និង សិប្បកម្ម, និង វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសុខុមាលភាពប្រជាជនកម្ពុជា ស្របតាមពាក្យស្លោក «បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី» ៕

អត្ថបទដែលជាប់ទាក់ទង