ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

20

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទី​គោ​​រព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ដោយការគិតគូរខ្ពស់ ជាមួយទឹកចិត្តខ្វាយខ្វល់ និងព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះព្រះរាជសុខ​ភាព​ព្រះ​ករុណា​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជ​មាតា​ជាតិខ្មែរ ថ្នាក់ដឹកនាំចិត្តបានរៀបចំក្រុមគ្រូពេទ្យជំនាញ​ថ្វាយ​ការ​ពិនិត្យព្រះរាជសុខភាព ថ្វាយ​ព្រះ​ករុណា​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាង​ទៀង​ទាត់បំផុត គឺពីរដងក្នុងមួយឆ្នាំ។ ការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានធ្វើ​តាំង​ពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅ​មានព្រះជន្ម ហើយក៏បានធ្វើរហូតដល់​ពេល​បច្ចុប្បន្ន។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វព្រះរាជហឫទ័យស្តេច​យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយលើកទៀតនៅចុងឆ្នាំ។ កំលុងគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណា​ព្រះ​មហា​ក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀបចំថ្វាយនូវការថែទាំយ៉ាងយកចិត្តទុក​ដាក់​ខ្ពស់​បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពនេះ ព្រះ​ករុណា​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជហឫទ័យគង់ប្រថាប់រង្វង់ពីមួយខែ ឬពីរ​ខែជាដើម។

កំលុងពេលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ព្រះ​រាជ​កិច្ចរបស់ព្រះអង្គ នឹងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកបំពេញថ្វាយព្រះអង្គ៕

អត្ថបទដែលជាប់ទាក់ទង