ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្វេងយល់ទាំងអស់គ្នាអំពីកត្តាសំខាន់ៗ ក្នុងអំឡុងរដូវក្តៅ បរិមាណថាមពលអគ្គិសនីប្រើប្រាស់ប្រចាំខែ អាចនឹងមានការកើនឡើងខុសប្រក្រតី

22

 

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៥ខែកុម្ភៈ បានចេញរបាយការណ៍ថា រដូវក្តៅមកដល់ហើយ​​​​​ តើលោកអ្នកដឹងទេថា កត្តាអ្វីខ្លះដែលធ្វើឱ្យបរិមាណថាមពលអគ្គិសនីកើនឡើងក្នុងអំឡុងរដូវនេះ?
តស់! ឈ្វេងយល់ទាំងអស់គ្នាអំពីកត្តាសំខាន់ៗ ដូចខាងក្រោម៖
ក្នុងអំឡុងរដូវក្តៅ បរិមាណថាមពលអគ្គិសនីប្រើប្រាស់ប្រចាំខែអាចនឹងមានការកើនឡើងខុសប្រក្រតី ហើយអ្នកប្រើប្រាស់ខ្លះនឹងសង្ស័យទៅលើនាឡិកាស្ទង់(កុងទ័រ)ដើរលឿន អ្នកខ្លះទៀតអាចគិតថា អ្នកផ្គត់ផ្គង់អគ្គិសនីមានបច្ចេកទេសធ្វើឱ្យគីឡូថាមពលអគ្គិសនីកើនច្រើន ឬបុកស៊ីគីឡូជាដើម។ល។ តើជាក់ស្តែង ករណីនេះបណ្តាលមកពីកត្តាអ្វី? មូលហេតុដែលបណ្តាលឱ្យគីឡូថាមពលប្រើប្រាស់កើនច្រើនក្នុងអំឡុងពេលនេះគឺ ពាក់ព័ន្ធនឹងកត្តាមួយចំនួន ដូចជា៖ ក) អាកាសធាតុ, ខ) ឧបករណ៍ប្រើប្រាស់ខ្វះការថែទាំនិងប្រើទាំងរអាក់រអួល, គ) ការបន្ថែមឧបករណ៍ប្រើប្រាស់ និងបន្ថែមចំនួនម៉ោងប្រើប្រាស់៖

ក) កត្តាអាកាសធាតុ៖ ជាទូទៅកើតមានសម្រាប់លំនៅឋានដែលមានឧបករណ៍ប្រើប្រាស់អគ្គិសនី ដូចជា៖ ម៉ាស៊ីនត្រជាក់, ទូរទឹកកក, កង្ហារ, ម៉ាស៊ីនបោកខោអាវ, ម៉ូទ័របូមទឹក… ចំនួនថាមពលប្រើប្រាស់អគ្គិសនីក្នុងរដូវក្តៅពិតជាអស់ចំនួនច្រើនជាងការប្រើប្រាស់ក្នុងរដូវត្រជាក់ ឬរដូវភ្លៀង ព្រោះថា៖

១)ម៉ាស៊ីនត្រជាក់ និងទូរទឹកកក ជាបរិក្ខារត្រជាក់ដែលដំណើរការដោយថាមពលអគ្គិសនី ដើម្បីបំប្លែងទៅជាថាមពលត្រជាក់ ដូចនេះពេលអាកាសធាតុក្តៅ វាត្រូវដំណើរការដោយប្រើពេលវេលាច្រើនជាងធម្មតា (ស៊ីភ្លើងច្រើនជាងធម្មតា) ដើម្បីប្តូរសីតុណ្ហភាពពីបរិយាកាស មកសីតុណ្ហភាពដែលយើងបានកំណត់។

២)កង្ហារ ជាឧបករណ៍ផ្លុំខ្យល់ ដែលដំណើរការដោយថាមពលអគ្គិសនី ដោយបំប្លែងទៅថាមពលមេកានិក ដើម្បីបំពេញតម្រូវការប្រើប្រាស់ពេលអាកាសធាតុក្តៅ ហើយកង្ហារត្រូវប្រើលេខធំជាង (វិលខ្លាំងជាង) និងបើកដំណើរការច្រើនជាងធម្មតា ដែលអាចដល់ទៅពេញមួយថ្ងៃ។

៣)ម៉ាស៊ីនបោកខោអាវ ជាឧបករណ៍លាងសម្អាតសម្លៀកបំពាក់ ដែលដំណើរដោយថាមពលអគ្គិសនី ដើម្បីធ្វើចលនាលាងសម្អាតដោយម៉ូទ័រអគ្គិសនី ក្នុងអាកាសធាតុក្តៅមានការផ្លាស់ប្តូរសម្លៀកបំពាក់ច្រើនផងដែរ ដូច្នេះតម្រូវការបោក និងអ៊ុតក៏ច្រើនជាងធម្មតាដែរ។

៤)ម៉ូទ័របូមទឹក ជាឧបករណ៍រុញច្រានទឹក(បូមទឹក) ពីអណ្តូងទឹក ឬពីប្រភពទឹកផ្សេងៗ ទៅដល់ទីតាំងដែលត្រូវប្រើ ឬសម្រាប់ស្រោចដំណាំជាដើម ជាក់ស្តែងក្នុងរដូវប្រាំងពិតជាត្រូវការប្រើប្រាស់បរិមាណថាមពលអគ្គិសនីច្រើនជាងរដូវវស្សាជាចាំបាច់ សម្រាប់បូមទឹកបម្រើឱ្យវិស័យកសិកម្ម និងបូមទឹកប្រើប្រាស់ប្រចាំថ្ងៃជាដើម សម្រាប់អ្នកដែលមិនមានប្រភពរដ្ឋាករទឹកទៅដល់។

ខ) ឧបករណ៍ប្រើប្រាស់ខ្វះការថែទាំ និងប្រើទាំងរអាក់រអួល៖ បរិក្ខារអគ្គិសនីទាំងអស់ ត្រូវដំណើរការដោយចរន្តអគ្គិសនី ប្រសិនបើប្រើប្រាស់ដោយខ្វះការថែទាំ ដោយប្រើទាំងរអាករអួល ឬប្រើទាំងឆ្លងភ្លើង ប្រាកដជាបណ្តាលឱ្យមានការកើនថាមពលប្រើប្រាស់ជាមិនខាន។ ចំពោះម៉ាស៊ីនត្រជាក់, ទូរទឹកកក, ទូរក្លាស្សេ ឧបករណ៍ទាំងនេះប្រសិនបើប្រើប្រាស់ដោយខ្វះការថែទាំ ឬមិនបានលាងសម្អាតឱ្យបានទៀងទាត់ទេ វានឹងធ្វើការពេញ២៤ម៉ោង ដោយមិនបានសម្រាកសោះ ហើយនៅពេលដែលយើងបើកប្រើ ជាធម្មតាឧបករណ៍ទាំងនេះដើរឈប់ៗ ទៅតាមលក្ខណៈបច្ចេកទេសរបស់វា គឺមិនស៊ីភ្លើងពេញ២៤ម៉ោង ទល់២៤ម៉ោងនោះទេ។

គ) ការបន្ថែមឧបករណ៍ប្រើប្រាស់ និងបន្ថែមចំនួនម៉ោងប្រើប្រាស់៖ ដោយមានជីវភាពធូរធារ គួបផ្សំនឹងតម្រូវការចាំបាច់ក្នុងរដូវក្តៅផង ក៏មានការដាក់បន្ថែមនូវឧបករណ៍ប្រើប្រាស់ ដូចជាកង្ហារ, ទូរទឹកកក, ម៉ាស៊ីនត្រជាក់ ។ល។ ជាទូទៅ ការប្រើប្រាស់អគ្គិសនីក្នុងរដូវក្តៅ ប្រាកដជាកើនលើសការប្រើប្រាស់ក្នុងរដូវភ្លៀង។

ទាំងអស់នេះជាកត្តាមួយចំនួនដែលធ្វើឱ្យបរិមាណថាមពលប្រើប្រាស់កើនឡើងដោយមិនដឹងខ្លួន ដូច្នេះដើម្បីចូលរួមកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់អគ្គិសនី និងប្រើអគ្គិសនីដោយសុវត្ថិភាព អ្នកប្រើប្រាស់ត្រូវតាមដានការប្រើប្រាស់ដោយខ្លួនឯង និងប្រើប្រាស់ដោយសន្សំសំចៃ៕

អត្ថបទដែលជាប់ទាក់ទង