ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកំពង់ចាម ចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គវិញ

20

កំពង់ចាម៖ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គឡើងវិញ ក្រោយអាជ្ញាធរបានទុកពេល៧០ថ្ងៃ ឲ្យបុគ្គលដែលចាក់ថ្មចូលទន្លេធ្វើការកាយឲ្យអស់ឡើងវិញ។

ជាមួយគ្នានេះលោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ សន្យានៅចំពោះមុខអាជ្ញាធរថា ក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង១០ថ្ងៃ។ លោក ទន់ ឆៃអ៊ាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក ធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដោយបច្ចុប្បន្នកាយបានប្រមាណ១០ភាគយហើយ ដោយប្រើគ្រឿងចក្រអាអិច៦គ្រឿង ប្លុងតុង២ និងរថយន្ត២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេឱ្យរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត។

យ៉ាងណាក៏ដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ថា នេះគ្រាន់តែជាវិធានការបឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តកំពង់ចាមប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់នៅតែបន្ត។

លោក ទន់ ឆៃអ៊ាង បានទទួលកំហុសនេះ និងអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយយល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់៧០ថ្ងៃ។

សូមរំលឹកថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណីលោក ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅលោក ទន់ ឆៃអ៊ាង មកផ្តិតមេដៃ ឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម៖

*ទី១៖ បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ
*ទី២៖ ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក
*ទី៣៖ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង