ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បានធ្វើការអប់រំណែនាំម្ចាស់រថយន្តធុនធំ ដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេសដោយការតទ្រុង និងបំពាក់សុីផ្លេ

28

ខេត្តព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ នគរបាលចរាចរណ៍ខេត្តព្រះវិហារ បានធ្វើការអប់រំណែនាំដល់ម្ចាស់រថយន្តធុនធំ១គ្រឿង ដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេសដោយការតទ្រុង និងបំពាក់សុីផ្លេ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ នៅថ្ងៃអង្គារ ១០កើតខែផល្គុន ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយអនុវត្តតាមការណែនាំដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នឹងមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ នគរបាលចរាចរណ៍ខេត្តព្រះវិហារ បានធ្វើការអប់រំណែនាំដល់ម្ចាស់រថយន្តធុនធំ១គ្រឿង ដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេ ដូចជាតទ្រុង និងបំពាក់សុីផ្លេ។

  លោកសំ លាងទ្រី បានបន្តថា៖ បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយពីមន្ត្រីជំនាញ លើការកែឆ្នៃខុសលក្ខណៈបច្ចេកទេស ពីបញ្ហាផ្លូវច្បាប់ ពិសេសបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលថ្មីៗនេះ ម្ចាស់រថយន្តបានស្ម័គ្រចិត្តដោយខ្លួនឯង ដោះសុីផ្លេ និងទ្រុង ដែលកែឆ្នៃចេញ នឹងសន្យាបញ្ឈប់ការកែឆ្នៃរថយន្តខុសលក្ខណៈចប្ចេកទេសចាប់ពីថ្ងៃនេះតទៅ។

ក្រៅពីត្រួតពិនិត្យការកែឆ្នៃខុសលក្ខណៈបច្ចេកទេសរថយន្តខាងលើ ក្រុមការងារក៏បានត្រួតពិនិត្យឯកសាររថយន្តឃើញថាត្រឹមត្រូវ ក៏បានធ្វើការអប់រំ ណែនាំម្ចាស់រថយន្តខាងលើ ឱ្យបញ្ឈប់ការកែឆ្នៃខុសលក្ខណៈបច្ចេកទេសចាប់ពីថ្ងៃនេះតទៅ និងមិនបានធ្វើការពិន័យនោះទេ។

លោកសូមចូលរួមគោរពច្បាប់ចរាចរណ៍ បញ្ឈប់ការកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេសចាប់ពីថ្ងៃនេះតទៅ។

  គួរបញ្ជាក់ថា ការបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីឱ្យក្រសួងជំនាញ និងសមត្ថកិច្ចត្រួតពិនិត្យលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តជាបន្ទាន់នេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

ជាមួយគ្នានេះដែរ សម្ដេចធិបតី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។

ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ សម្ដេចធិបតី បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានីខេត្ត និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសសម្ដេច សូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង