ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ទណ្ឌិត សម រង្ស៊ី ហាក់មិនចង់ឲ្យ កឹម សុខា រួចពីការឃុំខ្លួន

302


ភ្នំពេញ៖កំដៅនៃការភ្នាល់រវាងអតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្ស៊ី ដែលកំពុងតែរត់គេចខ្លួននៅក្រៅប្រទេស ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីការដោះលែង លោក កឹម សុខា នៅតែក្តៅគគុក ដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅ មើលឃើញកាន់តែច្បាស់ថា ទណ្ឌិត សមរង្ស៊ីនេះ ហាក់មានចេតនាចង់ឃើញលោក កឹម សុខា ត្រូវបន្តឃុំខ្លួន។

បន្ទាប់ពីបបួលសម្តេចតេជោ ភ្នាល់ហើយនោះ ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបន្តវាយប្រហារសម្តេចនាយករដ្ឋមន្ត្រី តាមរយៈការផ្តល់សម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ដោយចោទប្រកាន់សម្តេចនាយរដ្ឋមន្ត្រីកម្ពុជាថា លោកហួសចិត្ត នៅពេលលោកលឺសម្តេច ហ៊ុន សែន ថ្លែងថា សម្តេចមិនដោះលែងលោក កឹម សុខា ទេ ឲ្យចាំទាល់តែសេះដុះស្នែង បានគាត់នឹងដោះលែងលោក កឹម សុខា។

ទណ្ឌិតសម រង្ស៊ី បានពោលថា “ខ្ញុំជឿថា មិនមែនមានតែរូបខ្ញុំម្នាក់ទេ ពិភពលោកទាំងមូល គេហួសចិត្ត ពីព្រោះលោក ហ៊ុន សែន តែងតែនិយាយថា ត្រូវតែគោរពអ្វីដែលតុលាការនៅប្រទេសកម្ពុជា បានសម្រេច ។ តុលាការនៅប្រទេសកម្ពុជា បានសម្រេចចាប់លោក កឹម សុខា ដូច្នេះមានតែតុលាការនៅប្រទេសកម្ពុជាទេ អាចសម្រេចដោះលែងលោក កឹម សុខា”។

ជាមួយនឹងការលើកឡើងខាងលើនេះ ទណ្ឌិត សម រង្ស៊ី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្រេចជំនួសតុលាការ។ មិនត្រឹមតែប៉ុណ្ណេះទេ ទណ្ឌិត សមរង្ស៊ី ហាក់ដូចជាមនុស្សវិកលចរិត ដោយប្រកាសក្តែងៗតែឯងថា គ្រាន់តែសម្តេចតេជោ ហ៊ុន សែន ទទួលយកការភ្នាល់របស់ខ្លួនភ្លាម គឺខ្លួនជាអ្នកឈ្នះសម្តេចតេជោ ខណៈដែលលោកកឹមសុខា នៅក្នុងការត្រួតពិនិត្យរបស់តុលាការនៅឡើយក៏ដោយ។

ពោលដោយចេតនា មិនចង់ឲ្យលោក កឹម សុខា រួចខ្លួនពីការឃុំខ្លួន នៅផ្ទះរបស់លោក ក្រោមការត្រួតពិនិត្យពីតុលាការនោះ ទណ្ឌិត សម រង្ស៊ី បានបកស្រាយនូវអង្គហេតុ ដែលគាត់ជឿថា សម្តេច ហ៊ុន សែន នឹងអាចដោះលែងលោក កឹម សុខា នៅបំណាច់ឆ្នាំ២០១៨ ឬយ៉ាងយូរនៅខែមីនា ឆ្នាំ២០១៩។

យ៉ាងណាមិញ ទណ្ឌិតសមរង្ស៊ី ត្រូវបានលោកកឹមសុខា កូនស្រីរបស់លោក សហមេធាវីការពារលោកកឹមសុខា ព្រមទាំងអ្នកគ្រាំនៅកម្ពុជា អាមេរិក និងនៅបារាំង ជាដើម បានថ្កោលទោសទណ្ឌិតសមរង្ស៊ី ដោយចាត់ទុកជារឿងអគុណធម៌ និងអសីលធម៌ ហួសហេតុពេក ចំពោះជីវិតលោកកឹមសុខា ដែលទណ្ឌិត សម រង្ស៊ី បានយកទៅភ្នាល់ ដើម្បីបម្រើប្រយោជន៍នយោបាយខ្លួន។

ក្រៅពីនេះទៀត ទណ្ឌិត សម រង្ស៊ី ក៏មានបំណង “រុញស៊ីក្លូ ចូលឡាន” ពោលគឺនាំបញ្ហាកាន់ខ្លាំងៗ ដល់លោកកឹមសុខា ដោយសារតែទណ្ឌិតសមរង្ស៊ីនេះ ចង់សងសឹកនឹងលោកកឹមសុខា ដែលបានទទួលតំណែង ជាប្រធានគណបក្ស ជំនួសខ្លួន ហើយម្យ៉ាង ទណ្ឌិតសមរង្ស៊ី ក៏ចង់ឲ្យលោកកឹមសុខា បន្តជាប់ឃុំ និងមានទោសដូចខ្លួន ដែលមិនអាចបន្តជីវិតនយោបាយនៅកម្ពុជាបានទៀតដែរ។

សរុបមក ទណ្ឌិត សម រង្ស៊ី គ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ដែលចង់ប្រាប់ថា នៅកម្ពុជា តុលាការគ្រប់គ្រងដោយសម្តេចតេជោ ហ៊ុន សែន ហើយអំណាចដឹកនាំគ្រប់គ្រងបញ្ជាតែលើសម្តេចតេជោ ហ៊ុន សែន តែម្នាក់នោះ គឺទណ្ឌិតសមរង្ស៊ី ហ៊ានយកជីវិតរបស់លោកកឹមសុខា មកធ្វើជាល្បែងភ្នាល់។ ប៉ុន្តែមានអីចឹងឯណា បែរជាចំណេះជិះកង់ឯង ព្រោះល្បិចអស់នេះ ត្រូវបានសម្តេចតេជោ ព្រលះវិញយ៉ាងចាស់ដៃ ហើយសម្តេច ក៏បានបកស្រាយយ៉ាងច្បាស់ហើយថា សម្តេចមិនមានសិទ្ធិអំណាច ក្នុងការដោះលែង ឬស្នើទូលថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសដល់លោកកឹមសុខាទេ ព្រោះលោកកឹមសុខា មិនមានទោស នៅឡើយ។ រីឯការបន្តឃុំឃាំង ឬក៏ដោះលែងលោកកឹមសុខា គឺជាសិទ្ធិអំណាចរបស់តុលាការទេតើ!៕

អត្ថបទដែលជាប់ទាក់ទង