ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា លោកលោក​មេធាវី ហ៊ាង ឫទ្ធី ពិតជាពុំទាន់មានសមត្ថភាព ក្នុងការវិភាគរឿង

99


ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញមកបកស្រាយប្រាប់លោក​មេធាវី ហ៊ាង ឫទ្ធី ដែលមិនយល់ច្បាស់អំពីច្បាប់ ពាក់ព័ន្ធនឹងនីតិវិធីតុលាការ ក្នុងការដាក់ជនត្រូវចោទ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ។

បើតាមផេកហ្វេសប៊ុក កាលពីថ្ងៃទី១៤ខែវិច្ឆិកា លោក Kim Santepheap គឹម សន្តិភាព បានថ្លែងបញ្ជាក់ថា “សូមបញ្ជាក់ជូនRFA និងលោកបណ្ឌិតមេធាវី! បើសូម្បីតែខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់អំពីអំណាចរបស់ចៅក្រមស៊ើបសួរ ក្នុងការសម្រេចដាក់ឲ្យជនត្រូវចោទ ស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ សរសេរច្បាស់លាស់បែបនេះហើយ ក៏លោកបណ្ឌិតមេធាវីមើលមិនទាំងយល់ផង រីឯរវាងរបបឃុំខ្លួន និងរបបដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏លោកបណ្ឌិតមេធាវីចែកមិនដាច់ផងនោះ គឺបង្ហាញច្បាស់ថា លោកបណ្ឌិតពិតជាពុំទាន់មានសមត្ថភាព ក្នុងការវិភាគរឿងផ្សេងទៀតឡើយ! សូមលោកបណ្ឌិតមេធាវី កុំតាំងខ្លួនតាមការបញ្ជារបស់ RFA ជាអ្នកវិភាគស្អីគេនោះ ឈប់បានឈប់ទៅ! ប្រសិនបើFRA ខ្វះអ្នកវិភាគផ្នែកច្បាប់ ឲ្យបានត្រឹមត្រូវបែបនេះ អាចទាក់ទងទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើមេធាវី ដែលមានសមត្ថភាពមកវិភាគផ្នែកច្បាប់ជូន!”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានឆ្លើយតបបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក​មេធាវី ហ៊ាង ឫទ្ធី តាមរយៈកិច្ចសម្ភាសជាមួយ វិទ្យុអាស៊ីសេរី បានរិះគន់ចំពោះចំណាត់ការតុលាការ ក្នុងការដាក់ លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលធ្វើឱ្យលោកហាក់ជាប់ឃុំនៅក្នុងផ្ទះ។ លោក ហ៊ាង ឫទ្ធី បាននិយាយវិភាគថា៖ “ថ្វី​ត្បិត​គ្រប់​ជនជាប់ចោទ​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ គឺ​គាត់​មិនទាន់​មានទោស​ទេ គាត់​នៅតែ​ជា​ជនសង្ស័យ​អ៊ីចឹង ហើយ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ក៏​មិន​មាន​ច្បាប់​ណាមួយ​ឃុំខ្លួន​ក្នុង​ផ្ទះ​ដែរ តែ​បើ​ចៅក្រម​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​គាត់​ត្រូវ​មាន​សេរីភាព គ្រាន់តែ​ត្រូវ​បង្ហាញមុខ​នៅ​ចំពោះ​មុខ​តុលាការ​១ខែ​តែម្ដង”៕

អត្ថបទដែលជាប់ទាក់ទង