ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំង ទទួលផល ចោរកម្មឃាត់ខ្លួនជនសង្ស័យ៧នាក់និងដកហូតម៉ូតូគ្មានឯកសារជាង៥០០គ្រឿង

54

ភ្នំពេញ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងទទួលផលចោរកម្មចំនួន២កន្លែងនៅកុងស៊ីបញ្ចាំឃ្លាំងរំសេវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់និងដកហូតម៉ូតូគ្មានឯកសារប្រមាណជាង៥០០គ្រឿង។

ប្រតិបត្តិការចុះឆែកឆេរនេះធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះនៅទីតាំងឃ្លាំងបញ្ចាំចំនួន២ទីតាំងទីតាំងទី១ ឃ្លាំងលេខ៥ភូមិ២ ផ្លូវ១៩២ និងទីតាំងទី២ឃ្លាំងX ផ្ទះលេខ៤៨ ផ្លូវ២០២ ភូមិ៦សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

   មន្ត្រីប៉ូលីសបានអោយដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនិងកម្លាំងនគរបាលខណ្ឌទួលគោកនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះឡោមព័ទ្ធ ចុះបង្ក្រាប់ទីតាំងទទួលបញ្ចាំចំនួនពីទីតាំងដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០ គ្រឿងនិងស្លាកលេខម៉ូតូជាង៦០បន្ទះ យកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្ត តាមនីតិវិធី។

  តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីកាប់ប្លន់ រួចក៏បានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាម៉ូតូដែលខ្លួនកាប់ប្លន់បានយកទៅបញ្ចាំនៅទីតាំងទទួលបញ្ចាំ នៅម្ដុំឃ្លាំងរំសេវ។

ក្រោយមកកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងដែលជនសង្ស័យបានយកម៉ូតូដែលកាប់ប្លន់បាននោះយកមកបញ្ចាំចំនួន២ទីតាំងនេះ។

  សូមបញ្ជាក់ផងដែរនៅក្នុងប្រតិបត្តិការនេះទីតាំងទីមួយ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៩២គ្រឿង ក្នុងនោះ មានឯកសារត្រឹមត្រូវចំនួន៨គ្រឿង និងគ្មានឯកសារចំនួន៨៤គ្រឿង។ ចំណែកទីតាំងទី០២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្បែរនិងសាលារៀនទឹកល្អក់ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូជាង៤០០គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃ្លុំបេ ទីតាំងទទួលបញ្ចាំនោះសិន ដោយរងចាំអនុវត្តតាមនីតិវិធីបន្ត៕

 

អត្ថបទដែលជាប់ទាក់ទង