ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ អ្នកសារព័ត៌មាន បានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការស៉ីវិល ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ

34

ភ្នំពេញ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ដ្រីរាជការស៉ីវិល បានចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូចូលរួមយ៉ាងសកម្មដល់ដំណើរការរៀបចំការប្រឡងជ្រើសរើសមន្ដ្រីរាជការស៉ីវិល ដែលបានប្រព្រឹត្តទៅនាពេលកន្លងមក។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីវឌ្ឍនភាពការងាររបស់ក្រសួងមុខងារសាធារណៈរយៈពេល៩ខែ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី មើលឃើញថា ប្រសិនបើមិនមានការចូលរួមពីអ្នកសារព័ត៌មានទេនោះ ម្ល៉េះប្រជាពលរដ្ឋ ពិសេសបេក្ខជន បេក្ខនារី មិនទទួលបានព័ត៌មានគ្រប់គ្រាន់ ឬឱកាសនៃការចូលរួមប្រឡងប្រជែងនោះឡើយ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណដែលកន្លងមក គឺបានចូលរួមគ្រប់ជំហាន និងដំណាក់កាលជាមួយក្រសួងមុខងារសាធារណៈ ដែលអាចនិយាយថា បើសិនជាអត់មានការចូលរួមពីអ្នកសារព័ត៌មាន ប្រហែលមហាជន ប្រជាជន គួបផ្សំនឹងបេក្ខជន និងអ្នកដែលមានបំណងដាក់ឈ្មោះប្រឡង ប្រហែលជាគាត់មិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយផងដែរ»

ឯកឧត្ដមហ៊ុន ម៉ានី សង្កេតឃើញទៀតថា បើមិនមានអ្នកសារព័ត៌មានទេនោះ រាល់ការខំប្រឹងប្រែងរបស់ក្រសួងមុខងារសាធារណៈ ក៏មិនអាចជ្រាប និងមានការផ្សព្វផ្សាយទូលំទូលាយជូនទៅដល់ប្រជាពលរដ្ឋ ហើយក៏ប្រជាពលរដ្ឋមិនអាចតាមដានទាំងស្រុង ទៅលើអ្វីដែលជាកិច្ចការងារដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ពិសេសក្រសួងមុខងារសាធារណៈកំពុងតែអនុវត្តធ្វើ

បើតាមឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, សម្រេចចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយជាពិសេសផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ផ្អែកទៅលើការជ្រើសរើសមន្ត្រីរាជការ ក្នុងការចូលបម្រើការងារក្នុងក្របខ័ណ្ឌមុខងារសាធារណៈ។

ឯកឧត្ដមបន្ដថា រៀបចំដំណើរការប្រឡង គឺធានាការផ្តល់ឱកាសស្មើៗគ្នា ហើយនិងឱកាសច្រើនដងដើម្បីឲ្យយុវជនយុវនារី ដែលមានបំណងប្រាថ្នា មានចិត្តចង់ ហើយអ្នកចំនួនមានក្ដីស្រមៃចង់ចូលរួមការប្រកួតប្រជែង ផ្អែកលើសមត្ថភាពរបស់ខ្លួន នឹងក្លាយទៅជាមន្ត្រីរាជការស៊ីវិល។ កិច្ចការទាំងអស់នេះវាទៅព្រមៗគ្នា ហើយក្រសួងជាសេនាធិការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតផង ក៏ជាអ្នកបម្រើប្រជាជនផង តាមរយៈការរៀបចំប្រព័ន្ធជ្រើសរើសនេះ គឺគិតគូរដើម្បីផ្តល់ជាយន្ដការ ផ្តល់ជាលក្ខណៈសម្បត្តិ និងការរៀបចំប្រព័ន្ធដើម្បីឲ្យយុវជនយុវនារី ដោយក៏អាចសម្រេចបានក្ដីស្រមៃរបស់គាត់។

សូមជម្រាបថា បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ក្រោយរាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានបង្កើតឡើងនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បានចំនួន៦ដងរួចមកហើយ ក្នុងនោះរួមមាន៖

-មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០កន្លែង
-គ្រូបង្រៀនជំនាញអប់រំកាយ និងកីឡា ចំនួន១០០កន្លែង
-មន្ត្រីក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៣៣កន្លែង
-មន្ត្រីក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៩៩កន្លែង
-មន្ត្រីក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៥២កន្លែង
-គ្រូបង្រៀនអនុវិទ្យាល័យ ចំនួន៣៤៣កន្លែង។

គ្រប់ការប្រឡងទាំង៦លើកមកនេះ ត្រូវបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង