ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ការចំពោះមន្ត្រីរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះអាវុធ សម្រេចបញ្ជូន ទៅក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដើម្បីចាត់វិធានការ និងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ យ៉ាងម៉ឺងម៉ាត់

114


(ភ្នំពេញ)៖ ករណីដែលលោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នាយការិយាល័យភស្តុភារ និងគណនេយ្យ នៃនាយកដ្ឋានរដ្ឋបាលសរុប អគ្គនាកយកដ្ឋានអត្តសញ្ញាណកម្ម ប្រើកាំភ្លើងខ្លីបាញ់រថយន្តរបស់ខ្លួន បង្កការភ្ញាក់ផ្អើលនៅក្រុងភ្នំពេញ ត្រូវ បានពិនិត្យ និងស្រាវជ្រាវស៊ើបបញ្ជាក់ករណីខាងលើ យ៉ាងយកចិត្តទុកដាក់ នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចបញ្ជូនករណីនេះ ទៅក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដើម្បីចាត់វិធានការ និងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិយ៉ាងម៉ឺងម៉ាត់។

នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សា និងសម្រេចបញ្ជូនលោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នាយការិយាល័យភស្តុភារ និងគណនេយ្យ នៃនាយកដ្ឋានរដ្ឋបាលសរុប អគ្គនាកយកដ្ឋានអត្តសញ្ញាណកម្ម ទៅក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដើម្បីចាត់វិធានការ និងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ យ៉ាងម៉ឺងម៉ាត់។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា លោក នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សា និងសម្រេចបញ្ជូនលោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នាយការិយាល័យភស្តុភារ និងគណនេយ្យ នៃនាយកដ្ឋានរដ្ឋបាលសរុប អគ្គនាកយកដ្ឋានអត្តសញ្ញាណកម្ម ទៅក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដើម្បីចាត់វិធានការ និងអនុវត្តវិន័យរបស់មន្រ្តីនគរបាលជាតិយ៉ាងម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ កាំភ្លើងបាញ់មកលើរថយន្តរបស់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២៣៖០០នាទី នៅក្បែរភោជនីយដ្ឋានយីហោ ពិភពរាត្រី ស្ថិតនៅលើផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមចម្លើយសារភាពកំហុស នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០៖៤៥នាទី លោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នៅចំពោះមុខនាយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល នៃនាយកដ្ឋានរដ្ឋបាល-សរុប។
មូលហេតុដែលឈានដល់ការផ្ទុះអាវុធនេះ គឺកើតឡើងដោយសារខ្លួនមានសេចក្តីតប់ប្រមល់តានតឹងផ្លូវចិត្តជាច្រើនខែមកហើយ ទាក់ទងនឹងបញ្ហាគ្រួសារ (កូនប្រុសរបស់ខ្លួន ទើបទទួលការវះកាត់តម្រងនោម, ប្អូនប្រុសទី៣ត្រូវចាប់ខ្លួនដោយសារប្រើប្រាស់គ្រឿងញៀន និងម្តាយក្មេកទើបតែកាត់ជើងស្តាំដោយជម្ងឺទឹកនោមផ្អែម)។
ដោយសារខ្លួនខឹងសម្បាជាមួយម្តាយដែលតាមសួរដេញដោល ព្រមទាំងស្តីបន្ទោសដល់ក្នុងភោជនីយដ្ឋានខាងលើ និងម៉្យាងទៀតដោយសារកំពុងស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ខ្លួនក៏បានដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនជាច្រើនគ្រាប់ ដោយខ្វះការពិចារណា។
ក្រោយពីសារភាពនៅចំពោះមុខនាយការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល នៃនាយកដ្ឋានរដ្ឋបាល-សរុប រួចរាល់ហើយ សាមីខ្លួនព្រមទទួលទណ្ឌកម្មតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង