ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពអឺរ៉ុប ឧបត្ថម្ភទូកចែវនារីនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ឆ្នាំ២០១៨

63

សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភទូកចែវនារីមួយគ្រឿង ដើម្បីចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ដែលប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ ចាប់ថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការឧបត្ថម្ភនេះផ្តល់ជាសម្ភារៈ និងអាហារ សម្រាប់ក្រុមកីឡាករទូកចែវនារីឈ្មោះព្រះពៃស្រពណ៌ ដោយមានកីឡាករនារីចំនួន ៤២ នាក់ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សហភាពអឺរ៉ុប ក៏ឧបត្ថម្ភការស្នាក់នៅ និងការហាត់សមរបស់ទូកចែវនារី ព្រះពៃស្រពណ៌មុនពេលចូលប្រកួតផងដែរនៅក្នុងព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ។
ឯកអគ្គរដ្ឋទូត George Edgar ប្រធានប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប មានសេចក្តីរីករាយយ៉ាងខ្លាំងដែល បានគាំទ្រប្រពៃណីវប្បធម៌ដ៏សំខាន់នេះ របស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីឲ្យស្ត្រីនៅមូលដ្ឋានក្នុងប្រទេសកម្ពុជា បានចូលរួមការអភិវឌ្ឍដើម្បីភាពស្មើគ្នាក្នុងសង្គម”។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរនៅក្នុងវប្បធម៌របស់ប្រទេសកម្ពុជា ហេតុនេះ ព្រះរាជពិធីនេះមានសារៈសំខាន់ជាពិសេសសម្រាប់យើងនៅឆ្នាំនេះ ពីព្រោះថា ឆ្នាំនេះត្រូវបានជ្រើសរើសជាឆ្នាំនៃកេរដំណែលវប្បធម៌អឺរ៉ុប។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំធំបំផុតរបស់ប្រទេសកម្ពុជា ដោយទាក់ទាញមនុស្សរាប់លាននាក់មករាជធានីភ្នំពេញ។ ជាផ្នែកមួយនៃការឧបត្ថម្ភរបស់យើង សហភាពអឺរ៉ុប ក៏ឆ្លៀតយកឳកាសដ៏ពិសេសនេះដើម្បីជួយផ្សព្វផ្សាយសារអំពីអំពើហិង្សាលើស្ត្រី និងកុមារី។ អាវយឺតដែលពាក់ដោយកីឡាករនារី មានសារសរសេរថា “និយាយថា ទេ ចំពោះអំពើហិង្សាលើស្ត្រី”។
សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា មានមោទនភាពគាំទ្រគម្រោងនានាដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ គម្រោងនានាដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ចាប់ពីវិស័យនេសាទ អប់រំ កសិកម្ម ការប្រែប្រួលអាកាសធាតុ ជំនួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម រហូតដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស កំពុងតែផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់។

លោកទូត បានថ្លែងថា មូលហេតុ២ដែលសហភាពអឺរ៉ុបឧបត្ថម្ភក្នុងពិធីបុណ្យនេះ ដោយសារឆ្នាំនេះ ជាឆ្នាំកេរដំណែលសហភាពអឺរ៉ុប ដែលមានសកម្មភាពជាច្រើននៅកម្ពុជា ហើយពិធីបុណ្យអុំទូកនេះ ជាទិវាវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា ។ យើងបានធ្វើការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការផ្សេងៗ ដើម្បីគាំនារី និងលើកកម្ពស់សិទ្ធិ លទ្ធភាពនារី និងលើកកម្ពស់សិទ្ធិមនុស្ស។ ហេតុដូច្នេះហើយ ទើបសហភាពអឺរ៉ុប ឧបត្ថម្ភទូកនារី។


លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ញាក់ថា ទូកចែវនារីព្រះ ពៃស្រពណ៌ ជារៀងរាល់ឆ្នាំតែងប្រកួតបានលេខ១ ក្នុងផែនលេខ១ចំនួន១៤ដង និងក្នុងផែនលេខ២ចំនួន៣ដង ជាពិសេសជាប់ចំណាត់ថ្នាក់សោភ័ណភាពល្អ ហើយសង្ឃឹមថា ឆ្នាំនេះទទួលបានចំណាក់ថ្នាក់ល្អក្នុងផែនលេខ១ទៀត។ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងជាពិសេសបងប្អូនកីឡាករ កីឡាការិនីទូកទាំងអស់សូមគោរពឲ្យបាននូវបទបញ្ជារបស់គណៈកម្មការប្រណាំងទូក ប្រកបដោយសេចក្តីថ្លៃថ្នូរ៕

អត្ថបទដែលជាប់ទាក់ទង